បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ នៅថ្ងៃពុធនេះថា បក្សកុម្មុយនិស្តចិន កំពុងតែធ្វើប្រតិបត្តិការជាមំសាសី នៅក្នុងប្រទេសស្រីលង្កា ស្របពេល ដែលកំពូលមន្ត្រីការទូតអាមេរិករូបនេះ បានបង្កើនការរិះគន់ខ្លាំងក្លា ចំពោះប្រទេសចិន ក្នុងពេលធ្វើដំណើរទស្សនកិច្ច តំបន់អាស៊ី។
នៅក្នុងទីក្រុងកូឡុំបូ លោក លោក Mike Pompeo បាននិយាយប្រាប់សន្និសីទិកាសែត ផ្សាយតាមទូរទស្សន៍មួយថា “យើងមើលឃើញ ពីដំណោះស្រាយអាក្រក់ ការបំពានអធិបតេយ្យភាព និងភាពមិនស្របច្បាប់ នៅលើគោកនិងនៅសមុទ្រថា បក្សកុម្មុយនិស្តចិន គឺជាសត្វស៊ីសាច់មួយក្បាល ហើយអាមេរិកមក ក្នុងភាពផ្សេងគ្នាមួយ គឺយើងមកក្នុងនាមជាមិត្ត និងក្នុងនាមជាដៃគូ”។
គួរបញ្ជាក់ថា លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានធ្វើដំណើរចេញពីប្រទេសឥណ្ឌា ទៅដល់ប្រទេសស្រីលង្កា ក្នុងផ្នែកមួយ នៃដំណើរទស្សនកិច្ចនៅអាស៊ី ដែលមានគោលបំណង ជំរុញបង្កើនសម្ពន្ធភាព ទប់ទល់នឹងឥទ្ធិពលនយោបាយ និងយោធារបស់ចិន ដែលកំពុងតែមានសន្ទុះកើនឡើងខ្លាំង នៅក្នុងតំបន់ នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕ ប្រែសម្រួល៖ប៉ាង កុង