បរទេស៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo នឹងធ្វើទស្សនកិច្ចប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ នៅក្នុងអំឡុងដំណើរទស្សនកិច្ច តំបន់អាស៊ីរបស់លោក។
ដំណើរទស្សនកិច្ចនេះ តាមប្រភពព័ត៌មាន គឺត្រូវបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ នៅលើគេហទំព័រព័ត៌មាន របស់រដ្ឋាភិបាលវៀតណាម នាថ្ងៃពុធនេះ។
ចំណែកក្រសួងការបរទេស សហរដ្ឋអាមេរិក នៅមិនទាន់ធ្វើការបញ្ជាក់នៅឡើយទេថា លោក Pompeo នឹងបន្ថែមប្រទេសវៀតណាម ទៅក្នុងដំណើរទស្សនកិច្ច នៅអាស៊ីរបស់លោកនោះ។
គួរបញ្ជាក់ថា តាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ នាពេលបច្ចុប្បន្ន កំពុងតែនៅក្នុងប្រទេសឥណ្ឌា ហើយនឹងបន្តទៅធ្វើជំនួបនានា នៅក្នុងប្រទេសឥណ្ឌូនេស៊ី នាថ្ងៃព្រហស្បតិ៍ស្អែកនេះ៕ ប្រែសម្រួល៖ប៉ាង កុង