ព័ត៌មានអន្តរជាតិ

យន្តហោះ ដែលរងទណ្ឌកម្មអាមេរិក ចុះចតនៅវេណេស៊ុយអេឡា

បរទេស៖ យោងតាមសមាជិករដ្ឋសភា មកពីបក្សប្រឆាំង របស់ប្រទេសវេណេស៊ុយអេឡា និងទិន្នន័យតាមដានជើងយន្តហោះ បានឲ្យដឹងថា យន្តហោះអ៊ីរ៉ង់មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ដែលរងទណ្ឌកម្មសហរដ្ឋអាមេរិក ពីបទដឹកអាវុធឲ្យប្រទេសស៊ីរីនោះ បានចុះចត នៅក្នុងប្រទេសវេណេស៊ុយអេឡា នាថ្ងៃអង្គារម្សិលមិញនេះ។

តាមសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រមួយ របស់លោក Jose Manuel Olivares ជាសមាជិករដ្ឋសភាមួយរូប ដែលជាតំណាងរាស្ត្រប្រចាំរដ្ឋ Vargas ស្ថិតនៅក្បែរមាត់សមុទ្រ ជាទីដែលយន្តហោះបានចុះចតនោះ បានឲ្យដឹងថា យន្តហោះនោះ បានចុះចតនៅអាកាសយានដ្ឋាន Maiquetia បម្រើការឲ្យទីក្រុងការ៉ាកាស បានចុះចតនៅពេលថ្ងៃរសៀល។

ចំណែកទិន្នន័យ លើគេហទំព័រ តាមដានជើងហោះហើរ របស់យន្តហោះ Flightradar24 បានបង្ហាញថា យន្តហោះនោះ បានហោះចុះឆ្ពោះទៅទីក្រុងការ៉ាកាស នៅម៉ោងប្រហែល៤ល្ងាច ម៉ោងក្នុងតំបន់ បន្ទាប់ពីហោះឡើង ពីទីក្រុងតេអេរ៉ង់ក្នុងវេលាយប់។ យន្តហោះនោះ បានធ្វើការឈប់ចត នៅក្នុងប្រទេសទុយនេស៊ីនិងកាបវែរ មុនពេលហោះ ទៅកាន់ប្រទេសវេណេស៊ុយអេឡា៕ ប្រែសម្រួល៖ប៉ាង កុង

To Top