ព័ត៌មានអន្តរជាតិ

រុស្ស៊ី អនុម័តសេចក្តីព្រាងច្បាប់ ដែលអនុញ្ញាតឲ្យច្បាប់ជាតិ មានអាទិភាព ជាងសន្ធិសញ្ញាអន្តរជាតិ

បរទេស៖ រដ្ឋសភារបស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានអនុម័តមួយ ដែលនឹងផ្តល់ច្បាប់ជាតិ នូវអាទិភាព លើសន្ធិសញ្ញាអន្តរជាតិ និងសេចក្តីសម្រេចនានា ពីស្ថាប័នអន្តរជាតិ ក្នុងករណីនៅពេលដែលច្បាប់ទាំងនោះ មានទំនាស់នឹងរដ្ឋធម្មនុញ្ញ។

ការអនុម័តលើសេចក្តីព្រាងច្បាប់នោះ ទំនងជានឹងបង្កឲ្យមានក្តីព្រួយបារម្ភ នៅក្នុងចំណោមអ្នកតស៊ូមតិសិទ្ធិ ក្នុងប្រទេសរុស្ស៊ី។ ជារៀងរាល់ឆ្នាំ ជនជាតិរុស្ស៊ីរាប់រយនាក់ បានដាក់ពាក្យបន្តឹង ទៅតុលាការសិទ្ធិមនុស្សអឺរ៉ុប ឲ្យជួយស្វែងរកយុត្តិធម៌ ដែលពួកគេនិយាយថា ត្រូវបានគេបដិសេធនៅក្នុងស្រុក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋសភារបស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា សមាជិករដ្ឋសភា បានបោះឆ្នោត អនុម័តសេចក្តីព្រាងច្បាប់ ដែលដើមឡើយ ត្រូវបានស្នើឡើង ដោយលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន នៅក្នុងអំណានទី៣។

សេចក្តីព្រាងច្បាប់នេះនិយាយថា ច្បាប់របស់ប្រទេស នឹងមានបទបញ្ញត្តិមួយចែងថា ការសម្រេចចិត្តរបស់ស្ថាប័នអន្តររដ្ឋ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់សហព័ន្ធរុស្ស៊ី មិនមែនជាកម្មវត្ថុ ត្រូវបោះបង់ចោល នៅក្នុងប្រទេសរុស្ស៊ីនោះទេ។

ចំណែកមន្ត្រីនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ថា រាល់កាតព្វកិច្ចទាំងអស់ របស់រុស្ស៊ី ស្ថិតក្រោមសន្ធិសញ្ញាអន្តរជាតិ នៅតែស្ថិតនៅជាធរមានដដែល និងថា ទីក្រុងមូស្គូ នៅតែមានការប្តេជ្ញាពេញលេញ ចំពោះច្បាប់អន្តរជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

To Top