បរទេស៖ នៅថ្ងៃពុធសប្ដាហ៍នេះ មន្ត្រីនាំពាក្យការិយាល័យបរទេស ក្នុងទីក្រុងប៊ែកឡាំងមួយរូប បាននិយាយប្រាប់ថា ប្រទេសថៃបានធានាអះអាង ចំពោះអាល្លឺម៉ង់ម្តងហើយម្តងទៀតថា ព្រះមហាក្សត្រថៃ នឹងមិនធ្វើកិច្ចការរដ្ឋាភិបាល ក្នុងខណៈទ្រង់ប្រថាប់នៅ ក្នុងប្រទេសអាល្លឺម៉ង់នោះទេ។
មន្ត្រីនាំពាក្យរូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយបន្ថែមទៀតដូច្នេះថា “រដ្ឋាភិបាលអាល្លឺម៉ង់សន្មត់និងមានក្តីរំពឹងថា នឹងគ្មានការសម្រេចចិត្ត ដែលអាល្លឺម៉ង់រកឃើញថា មានបំពានច្បាប់អាល្លឺម៉ង់ ច្បាប់អន្តរជាតិ ឬក៏ច្បាប់សិទ្ធិមនុស្សនោះឡើយ”។
គួរបញ្ជាក់ថា នៅក្នុងទីក្រុងបាងកក ក្រុមអ្នកតវ៉ាបានដើរដង្ហែរក្បួន ទៅស្ថានទូតអាល្លឺម៉ង់ កាលពីថ្ងៃចន្ទ ដើម្បីដាក់ញត្តិមួយ ឲ្យទីក្រុងប៊ែកឡាំង ធ្វើការស៊ើបអង្កេត ចំពោះប្រើប្រាស់អំណាចមហាក្សត្ររបស់ទ្រង់ ក្នុងខណៈទ្រង់គង់នៅក្នុងប្រទេសអឺរ៉ុប ជាទីដែលទ្រង់ ចំណាយពេលវេលាយ៉ាងយូរ៕ ប្រែសម្រួល៖ប៉ាង កុង