បរទេស៖ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ចំពោះសហរដ្ឋអាមេរិក នៅក្នុងអត្ថបទមួយ ស្តីពីស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡា ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានគម្រាមកម្ទេចមីស៊ីលអ៊ីរ៉ង់ណាមួយ ដែលដឹកបញ្ជូន ទៅប្រទេសនៅអាមេរិកឡាទិនមួយនេះ។
កាសែតផ្លូវការរបស់ទីក្រុងព្យុងយ៉ាងឈ្មោះ Minju Choson បាននិយាយនៅថ្ងៃពុធម្សិលមិញនេះថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ គឺមានភាពស្របច្បាប់ ប៉ុន្តែកម្លាំងប្រឆាំងរដ្ឋាភិបាល កំពុងតែធ្វើសកម្មភាព ហាក់ដូចជាលោក ម៉ាឌូរ៉ូ គឺជាបន្លាក្នុងភ្នែករបស់ពួកគេ។
កាសែតកូរ៉េខាងជើង Minju Choson នេះ បាននិយាយយ៉ាងដូច្នេះថា “ រដ្ឋាភិបាលវេណេស៊ុយអេឡានិងប្រជាជន កំពុងតែប្រឹងប្រែងការពារស្ថិរភាពនិងអធិបតេយ្យភាពរបស់ប្រទេស ដោយធ្វើការបំផ្លាញចោលការប្រជែង និងវិធានការប្រឆាំងរបស់កម្លាំងជាសត្រូវនានា”៕ ប្រែសម្រួល៖ប៉ាង កុង