ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថាប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងជើង ពីជំនាន់មួយទៅជំនាន់មួយ ដោយថាពិភពលោក កំពុងមើលឃើញនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេល ១០០ ឆ្នាំ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានឱ្យដឹងថាលោកស៊ី បានធ្វើការកត់សម្គាល់នៅក្នុងសារឆ្លើយតប ទៅមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បន្ទាប់ពីលោកគីម បានផ្ញើសារអបអរសាទរកាលពីដើមខែនេះ ក្នុងឱកាសខួបលើកទី៧១ នៃការបង្កើតប្រទេសចិន។
សារនេះមានគោលបំណងបង្ហាញពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំក្នុងចំណោមសម្ព័ន្ធមិត្ត ចំពេលដែលការប្រជែងគ្នាកាន់តែស៊ីជម្រៅរបស់ទីក្រុងប៉េកាំង ជាមួយសហរដ្ឋអាមេរិក និងបានបញ្ឈប់ការពិភាក្សានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោន។ វាក៏កើតឡើងប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើនៅដើមសប្តាហ៍ក្រោយនេះផងដែរ៕ ដោយ ឈូក បូរ៉ា