សេអ៊ូល៖ ក្រុមអ្នកការទូតនៃប្រទេសកូរ៉េខាងត្បូងនិងជប៉ុន បានជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដែលត្រូវបានគេរំពឹងថា នឹងផ្តោតលើជម្លោះ ដែលអូសបន្លាយមួយរវាងប្រទេសទាំងពីរ លើបញ្ហាកម្លាំងពលកម្មក្នុងសម័យសង្គ្រាម និងការទប់ស្កាត់ការនាំចេញ។
ជំនួបរវាងលោកគីម ជុងហាន់ អគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិក នៅក្រសួងការបរទេស និងសមភាគីជប៉ុនរបស់លោក គឺលោក Shigeki Takizaki បានកត់សម្គាល់នូវកិច្ចពិភាក្សាបែបនេះ លើកដំបូងចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga ចូលកាន់តំណែង កាលពីខែមុន។
នៅមុនកិច្ចពិភាក្សាជាមួយលោកគីម មន្រ្តីជប៉ុនក៏បានជួបដាច់ដោយឡែក ជាមួយអ្នកចរចានុយក្លេអ៊ែរកំពូល របស់ទីក្រុងសេអ៊ូល គឺលោក Lee Do-hoon សម្រាប់កិច្ចពិភាក្សា ស្តីពីឧបទ្វីបកូរ៉េ និងការរំសាយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដែលលោកជាប្រេសិតនុយក្លេអ៊ែររបស់ជប៉ុន៕
ដោយ ឈូក បូរ៉ា