ព័ត៌មានអន្តរជាតិ

អឺរ៉ុបសន្យាផ្តល់ជំនួយ ១,៥លានដុល្លារដល់វៀតណាម ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់

បរទេស៖ សហភាពអឺរ៉ុបនឹងផ្តល់ថវិកាចំនួន ១,៣ លានអឺរ៉ូ (១,៥២ លានដុល្លារ អាមេរិក) សម្រាប់ជំនួយមនុស្សធម៌ សំខាន់ដល់ក្រុមគ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ធ្ងន់ធ្ងរ ដែលបង្កការបំផ្លិចបំផ្លាញពាសពេញ ប្រទេសវៀតណាមភាគកណ្តាល។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា សេវាកម្មសកម្មភាពខាងក្រៅរបស់អ៊ឺរ៉ុប បាននិយាយនៅក្នុងសេចក្តី ប្រកាសព័ត៌មានថា ជំនួយនឹងផ្តោតលើការដោះស្រាយតម្រូវការ បន្ទាន់របស់ប្រជាជន ដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅកណ្តាលខេត្តក្វាងប៊ិញ ខេត្តក្វាងទ្រី និងខេត្ត ធូធៀនហួ។

លោក Olivier Brouant ដែលឃ្លាំមើលការឆ្លើយតបផ្នែកមនុស្សធម៌របស់សហភាពអឺរ៉ុប នៅក្នុងតំបន់មេគង្គ បាននិយាយថា “ ការចូលរួមវិភាគទាននេះបង្ហាញ ពីសាមគ្គីភាពរបស់យើងជាមួយប្រជាជនវៀតណាម ដែលពួកគេភាគច្រើនបានបាត់បង់ផ្ទះសម្បែងជីវភាព និងទ្រព្យសម្បត្តិនៅពេលមានទឹកជំនន់បំផ្លិចបំផ្លាញ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top