ព័ត៌មានអន្តរជាតិ

អាមេនីនិងអាហ្ស៊ែបៃហ្សង់ ជួបគ្នានៅទីក្រុងហ្សឺណែវ សម្រាប់កិច្ចពិភាក្សា ស្តីពីតំបន់ Nagorno-Karabakh

បរទេស៖ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអាមេនី និងប្រទេសអាហ្ស៊ែបៃហ្សង់ តាមសេចក្តីរាយករាណ៍ បានធ្វើដំណើរ ទៅដល់ទីក្រុងហ្សឺណែវហើយ សម្រាប់កិច្ចពិភាក្សាគ្នានៅថ្ងៃសុក្រនេះ ដើម្បីដោះស្រាយជម្លោះ នៅក្នុងតំបន់ Nagorno-Karabakh ជាទីដែលមនុស្សរាប់រយនាក់ បានស្លាប់បាត់បង់ជីវិត ក្នុងការប្រយុទ្ធគ្នាជាងមួយខែ។

រដ្ឋមន្ត្រីការបរទេស របស់ប្រទេសទាំងពីរនេះ គ្រោងជួបជាមួយប្រេសិត មកពីប្រទេសបារាំង រុស្ស៊ីនិងសហរដ្ឋអាមេរិក ដែលជាសហប្រធាន នៃក្រុម OSCE Minsk Group ទទួលបន្ទុកដោះស្រាយ ជម្លោះកើនកម្តៅខ្លាំងឡើង ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះដែរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ថា កងទ័ពរក្សាសន្តិភាព នឹងចូលទៅក្នុងតំបន់មានជម្លោះ ត្រឹមតែជាមួយកិច្ចព្រមព្រៀងគ្នា របស់អាមេនី និងអាហ្ស៊ែបៃហ្សង់ទាំងពីរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top