បរទេស៖ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក ចូ ប៊ីដិន បានមានប្រសាសន៍ថា ប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតី លោកនឹងពង្រឹងសម្ព័ន្ធភាព របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងសេអ៊ូល ហើយនឹងមិនប្រើប្រាស់ ការគម្រាមកំហែង កាត់បន្ថយកម្រិតកងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង ជាលក្ខខណ្ឌចរចាគ្នានោះទេ។
នៅក្នុងអត្ថបទមួយ ចេញផ្សាយនៅថ្ងៃសុក្រនេះ លោក ចូ ប៊ីដិន បានសរសេរដូច្នេះថា “ក្នុងនាមជាប្រធានាធិបតី ខ្ញុំនឹងឈរនៅជាមួយកូរ៉េខាងត្បូង ពង្រឹងសម្ពន្ធភាពរបស់យើង ដើម្បីការពារសន្តិភាព នៅក្នុងតំបន់អាស៊ីបូព៌ានិងទីផ្សេងទៀត ជាជាងគម្រាមឥតគិត ចំពោះទីក្រុងសេអ៊ូល ថានឹងដកកងទ័ពរបស់យើង”។
គួរបញ្ជាក់ថា នៅក្នុងអំឡុងរដ្ឋបាលលោក ត្រាំ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានមានការខ្វែងគំនិតគ្នា ជុំវិញចំនួនប្រាក់ចំណាយ ដែលប្រទេសកូរ៉េខាងត្បូងគួរចេញ ដើម្បីរក្សាកងកម្លាំងអាមេរិកនៅកូរ៉េ ដែលជាកេរដំណែល ពីសង្គ្រាមកូរ៉េឆ្នាំ១៩៩៥០-៥៣ ដែលបានបញ្ចប់ ក្នុងបទឈប់បាញ់គ្នា មិនមែនជាសន្ធិសញ្ញាសន្តិភាព៕ ប្រែសម្រួល៖ប៉ាង កុង