ព័ត៌មានអន្តរជាតិ

សភាថៃ បរាជ័យក្នុងការស្វែងរក ដំណោះស្រាយចំពោះជម្លោះ ក្នុងអំឡុងពេល នៃការប្រជុំពិសេសរយៈពេល ២ ថ្ងៃ

បរទេស៖ បរិយាកាសនយោបាយ នៅប្រទេសថៃ បានក្លាយជាចលាចល ដោយមិនសមហេតុផល បន្ទាប់ពីការធ្វើបាតុកម្មនៅតាមដងផ្លូវ ដឹកនាំដោយយុវជន បានអំពាវនាវ ឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង, សរសេរឡើងវិញនៃរដ្ឋធម្មនុញ្ញ និងការកែទម្រង់រាជាធិបតេយ្យ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា សភាបានបរាជ័យ ក្នុងការស្វែងរកដំណោះស្រាយ ចំពោះជម្លោះនេះ ក្នុងអំឡុងពេលនៃការប្រជុំវិសាមញ្ញ រយៈពេល ២ ថ្ងៃ ហើយផ្ទុយទៅវិញ គឺបានស្នើឱ្យបង្កើតក្រុមមួយ ដើម្បីបង្កើតការផ្សះផ្សាជាតិ។

ចំណែក ឧត្តមសេនីយ៍ប្រាយុទ្ធ នៅតែប្រកាន់ជំហរថា លោកនឹងមិនចុះចេញពីតំណែងទេ ហើយក្រុមបាតុករ គ្រោងនឹងប្រមូលផ្តុំគ្នា ដើម្បីដាក់សម្ពាធ លើរដ្ឋាភិបាលបន្ថែម។

ជាមួយប្រទេសដែលជាប់គាំងនេះ កាសែតបាងកកប៉ុស្តិ៍ បានសួរអ្នកនយោបាយ និងអ្នកសិក្សាសំខាន់ៗមួយចំនួន ថាតើជម្លោះនេះ អាចត្រូវបានដោះស្រាយយ៉ាងដូចម្តេច ឬយ៉ាងហោចណាស់ បានបន្ធូរបន្ថយ។

លោក Chaiwut Thanakhamanusorn សមាជិកសភា មកពីគណបក្ស Palang Pracharath (PPRP) បានអះអាងថា ការរំលាយសភា មានតែការពន្យារពេលជម្លោះប៉ុណ្ណោះ មិនដោះស្រាយទេ។

លោកបានបន្តថា ការទាមទាររបស់ក្រុមបាតុករ ឱ្យមានការកែទម្រង់ស្ថាប័នរាជវង្ស គឺមិនអាចឆ្លើយតបបានទេ ហើយដោយសារតែការបោះឆ្នោតបន្ទាន់ នឹងត្រូវធ្វើឡើង នៅក្រោមធម្មនុញ្ញឆ្នាំ ២០១៧ ក្រុមអ្នកតវ៉ា អាចនឹងធ្វើដំណើរតាមផ្លូវម្តងទៀត ប្រសិនបើរដ្ឋាភិបាលបន្ទាប់ មិនអនុវត្តតាមសំណើរបស់ពួកគេ៕ ប្រែសម្រួលៈ ណៃ តុលា

To Top