បរទេស៖ ប្រធានាធិបតីប្រទេសឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានថ្កោលទោសសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើង ដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ស្តីពីសាសនាឥស្លាមដោយលោក វីដូដូ បានហៅថា ជាការប្រមាថ និងវាយប្រហារដល់ប្រជាជនម៉ូស្លីម នៅលើពិភពលោក។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោកប្រធានាធិបតីឥណ្ឌូនេស៊ីរូបនេះ បានអះអាងថា សេចក្តីថ្លែងការណ៍របស់ លោក ម៉ាក្រុង អាចជំរុញឱ្យមានការបែងចែក ក្នុងចំណោមជំនឿផ្សេងៗគ្នា នៅពេលដែលពិភពលោក ត្រូវការការរួបរួមគ្នា ដើម្បីប្រឈមមុខនឹងការរីករាលដាល នៃជំងឺរាតត្បាត។
ក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃសៅរ៍ លោក វីដូដូ បាននិយាយថា “ សេរីភាពក្នុងការបញ្ចេញមតិ មិនគួរត្រូវបានអនុវត្តតាមវិធី ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសភាពបរិសុទ្ធ និងភាពពិសិដ្ឋនៃតម្លៃ និងនិមិត្តសញ្ញាសាសនាឡើយ” ។
លោកក៏បានថ្កោលទោស ចំពោះការវាយប្រហារដ៏សាហាវ ដែលបានកើតឡើងនៅទីក្រុងប៉ារីស និងទីក្រុង នីស។ “ ឥណ្ឌូនេស៊ីស្នើឱ្យពិភពលោក បង្ហាញពីការឯកភាព និងការអត់អោនសាសនា ដើម្បីកសាងពិភពលោកមួយ ដែលល្អប្រសើរ៕ ប្រែសម្រួលៈ ណៃ តុលា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)