បរទេស៖ បាតុករនៅក្នុងប្រទេសម៉ិកស៊ិក បានដុតរូបរបស់លោក ដូណាល់ ត្រាំ និងភ្នាក់ងារល្បាតព្រំដែនអាមេរិកមួយរូប នៅតាមព្រំដែនអាមេរិក កាលពីថ្ងៃសៅរ៍ ដោយថ្កោលទោសគោលនយោបាយ អន្តោប្រវេសន៍របស់ លោកប្រធានាធិបតីអាមេរិករូបនេះ និងជំរុញជនជាតិអាមេរិក មិនឲ្យបោះឆ្នោតជូនលោក នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។
សកម្មជនអន្តោប្រវេសន៍ជាច្រើននាក់ តាមសេចក្តីរាយការណ៍ បានដើរដង្ហែក្បួនទៅកាន់របងព្រំដែន ដែលខ័ណ្ឌចែកប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក នៅទីក្រុង Tijuana ព្រមជាមួយសម្រែកព្រមៗគ្នាថា “លោក ត្រាំ យើងនឹងមិនបង់ថ្លៃរបងរបស់លោក” ហើយបន្ទាប់មក បានដុតរូបតំណាងលោក ត្រាំ ចោល។
លោក Hugo Castro ជាសកម្មជនអន្តោប្រវេសន៍ម៉ិកស៊ិក-អាមេរិក បានមានប្រសាសន៍ដូច្នេះថា “យើងកំពុងតែអំពាវនាវមិនឲ្យ ប្រជាជនបោះឆ្នោតជូនលោក ត្រាំ និងគាំទ្រដល់ក្តីសង្ឃឹម។ លោក ប៊ីដិន បានសន្យានឹងពួកយើង ថានឹងធ្វើកំណែទម្រង់អន្តោប្រវេសន៍មួយ ហើយក្នុងពេលបច្ចុប្បន្ននេះ យើងនឹងចាំមើលដើម្បីធានាថា ការសន្យានោះ ត្រូវបានរក្សា” ៕
ប្រែសម្រួល៖ ប៉ាង កុង