បរទេស៖ ក្រសួងពាណិជ្ជកម្មអង់គ្លេស នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសអង់គ្លេស និងសហរដ្ឋអាមេរិក មានទំនុកចិត្តថា កិច្ចពិភាក្សាជំនួញ ដែលកំពុងតែប្រព្រឹត្តទៅ កំពុងតែឆ្ពោះទៅរកកិច្ចព្រមព្រៀងគ្នា ដ៏ទូលំទូលាយមួយ។
សេចក្តីថ្លែងការណ៍មួយ ពីក្រសួងបាននិយាយប្រាប់ដូច្នេះថា “ក្រោយមានការវិវត្តទៅមុខ ដ៏គួរឲ្យកត់សម្គាល់ ត្រូវបានបង្កើនឡើងនោះ ភាគីទាំងពីរមានទំនុកចិត្តថា យើងកំពុងស្ថិតនៅលើផ្លូវ សម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលនឹងផ្តល់ឲ្យ នូវអត្ថប្រយោជន៍ដ៏សំខាន់ទៅវិញទៅមក ចំពោះសេដ្ឋកិច្ចរបស់យើង”។
គួរបញ្ជាក់ថា ភាគីទាំងពីរ ក្នុងពេលបច្ចុប្បន្ននេះ បានបញ្ចប់កិច្ចពិភាក្សាជុំទី៥ របស់ខ្លួនហើយ ដែលមានគោលដៅ បង្កើនកិច្ចព្រមព្រៀងជំនួញ ដែលនៅក្នុងប្រទេសអង់គ្លេស ត្រូវបានគេមើលឃើញថា ជារង្វាន់មួយក្នុងចំណោមរង្វាន់ដ៏ធំ ក្រោយប្រទេសនេះ បានចាកចេញពីសហភាពអឺរ៉ុប នៅក្នុងខែមករា និងបានចាប់ផ្តើមធ្វើការចរចា កិច្ចព្រមព្រៀងទ្វេភាគី ដោយខ្លួនឯងផ្ទាល់៕ ប្រែសម្រួល៖ប៉ាង កុង