ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី ចុះហត្ថលេខាច្បាប់ ការងារ ដែលមានភាព ចម្រូងចម្រាស់

បរទេស ៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នាពេលថ្មីៗនេះ បានចុះហត្ថលេខា លើសេចក្តីព្រាងច្បាប់ការងារ ដ៏ចម្រូងចម្រាស់មួយ ឲ្យក្លាយជាច្បាប់ពេញលេញ នេះបើតាមការចេញផ្សាយ របស់កាសែត CNN Indonesia នៅល្ងាចថ្ងៃចន្ទ ដោយដកស្រង់សម្តី មន្ត្រីក្រសួងហិរញ្ញវត្ថុ ។

កំណែចុងក្រោយបំផុត នៃសេចក្តីព្រាងច្បាប់ ដែលមានចំនួន១.១៨៧ទំព័រ នោះ គឺមានគោលបំណងជំរុញ បង្កើនការវិនិយោគ នៅក្នុងប្រទេសមហាសេដ្ឋកិច្ចធំបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ហើយត្រូវបានបង្ហោះលើគេហទំព័រ របស់ក្រសួងលេខាធិការដ្ឋានរដ្ឋ នៅថ្ងៃចន្ទ ។

គួរបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ី រាប់សិបពាក់នាក់ ដែលរួមមានទាំងកម្មករ និងនិស្សិតផងនោះ បានធ្វើការតវ៉ានៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រឆាំងនឹងអ្វី ដែលពួកគេមើលឃើញថា ជាការផ្លាស់ប្តូរច្បាប់ការងារ គាំទ្រដល់ឈ្មួញ ក្នុងខណៈ ដែលសកម្មជនព្រមានថា បរិយាកាសការវិនិយោគ អាចនឹងប៉ះពាល់ដល់កិច្ចការពារបរិស្ថាន និងសិទ្ធិកាន់កាប់ដីធ្លី របស់ជនជាតិដើម ៕
ប្រែសម្រួល៖ប៉ាង កុង

To Top