សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថាកូរ៉េខាងត្បូង និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នឹងធ្វើកិច្ចចរចាគោលនយោបាយ កម្រិតខ្ពស់ជាទៀងទាត់នៅទីក្រុងសេអ៊ូល នៅសប្តាហ៍នេះជុំវិញកម្មវិធីនុយក្លេអ៊ែរ និងកិច្ចសហប្រតិបត្តិការ ក្នុងកិច្ចការពារនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
លោក Ham Sang-wook អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការពហុភាគី និងពិភពលោកគ្រោងនឹងជួបជាមួយលោក Massimo Aparo ប្រធាននាយកដ្ឋានការពាររបស់ IAEA សម្រាប់កិច្ចប្រជុំលើកទី៩ របស់ពួកគេនៅថ្ងៃអង្គារនេះ។
កិច្ចពិភាក្សានៅឆ្នាំនេះ នឹងរួមបញ្ចូលការពិភាក្សា ស្តីពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងការត្រៀមខ្លួន សម្រាប់ការផ្ទៀងផ្ទាត់កម្មវិធី នុយក្លេអ៊ែររបស់កូរ៉េខាងជើង និងលើបញ្ហាដែលទាក់ទងទៅនឹងការការពារ របស់ទីភ្នាក់ងារប្រឆាំងនឹងការ ប្រើប្រាស់ថាមពលនុយក្លេអ៊ែរ មិនត្រឹមត្រូវ សម្រាប់គោលបំណងយោធា ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងសន្តិសុខ៕
ដោយ ឈូក បូរ៉ា