ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងផលិតនាវាមុជទឹកពីរគ្រឿង មួយគ្រឿមានសមត្ថភាពបាញ់មីស៊ីលផ្លោងបាន

បរទេស៖ក្រោយកិច្ចប្រជុំសម្ងាត់មួយ របស់ទីភ្នាក់ងារចារកម្មជាតិកូរ៉េខាងត្បូង សមាជិករដ្ឋសភាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង កំពុងតែផលិតនាវាមុជទឹកថ្មីពីរគ្រឿង ហើយមួយគ្រឿងក្នុងចំណោមនោះ គឺមានសមត្ថភាពអាចបាញ់ មីស៊ីលផ្លោងបាន។

លោក Ha Tae-keung ជាសមាជិករដ្ឋសភាមួយរូបមកពីបក្សប្រឆំាង នៅក្នុងគណៈកម្មាធិការចារកម្មរបស់រដ្ឋសភា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “មួយក្នុងចំណោមនាវាមុជទឹក ដែលកូរ៉េខាងជើងកំពុងតែផលិត គឺអាចបំពាក់មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹកបាន។ នាវាមួយមានប្រភេទ Romeo ហើយមួយផ្សេងទៀត គឺជាទំហំធំមធ្យមប្រភេទថ្មី”។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ពីកាសែត National Post ប្រទេសកូរ៉េខាងជើង មានកងនាវាមុជទឹកធំ ប៉ុន្តែមានត្រឹមតែមួយគ្រឿងប៉ុណ្ណោះ ដែលគេដឹងថា ជានាវាមុជទឹកបានពិសោធន៍ មានសមត្ថភាពអាចបំពាក់មីស៊ីលផ្លោងបាន៕

To Top