ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ មានទំនុកចិត្ដខ្ពស់ក្នុងការជាប់ឆ្នោត បន្ដតំណែងប្រធានាធិបតី អាណត្ដិបន្ទាប់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ដូណាល់ ត្រាំបានលើកឡើងថា លោកមានអារម្មណ៍ល្អ ចំពោះឱកាសរបស់លោក សម្រាប់ជ័យជម្នះខណៈថ្ងៃបោះឆ្នោតអាមេរិក បានបើកនៅថ្ងៃអង្គារ (០៣ វិច្ឆិកា) ដោយព្យាករណ៍ថា លោកនឹងឈ្នះឆ្នោតដ៏ធំ នៅក្នុងរដ្ឋសំខាន់ៗដូចជារដ្ឋផ្លរីដា និងអារីហ្សូណា។

លោក ត្រាំ បានលើកឡើងថា លោករំពឹងថា នឹងទទួលបានជ័យជំនះនៅក្នុងរដ្ឋសំខាន់ៗទាំងអស់ ដែលនឹងធ្វើការសម្រេចចិត្តបោះឆ្នោត ប៉ុន្តែបានលើកឡើងថាលោកនឹងមិន “លេងល្បែង” ដោយប្រកាសអំពីជ័យជម្នះ របស់លោកឆាប់ពេកនោះទេ។

អ្នកបោះឆ្នោតអាមេរិក បានចាប់ផ្តើមទៅបោះឆ្នោត នៅថ្ងៃអង្គារម្សិលមិញនេះ ដើម្បីសម្រេចថាតើអ្នកណា នឹងដឹកនាំប្រទេសរបស់ពួកគេ សម្រាប់រយៈពេល ៤ ឆ្នាំខាងមុខនៅក្នុងការបោះឆ្នោត ប្រធានាធិបតីដ៏ចម្រូងចម្រាសបំផុត មួយនៅក្នុងប្រវត្តិសាស្រ្តថ្មីៗនេះ និងមួយដែលអាចនឹងក្លាយជា រឿងអាស្រូវបំផុតផងដែរ។

ការបោះឆ្នោតបាន ចាប់ផ្តើមនៅក្នុងទីក្រុងតូច Dixville Notch រដ្ឋ New Hampshire ដែលប្រជាជនតូចៗរបស់ខ្លួន ជួបជុំគ្នានៅពាក់កណ្តាលអធ្រាត្រ ដើម្បីធ្វើការបោះឆ្នោតដោយលទ្ធផល ច្រើនតែប្រកាសរាប់នាទីក្រោយមក។

ម៉្យាងវិញទៀតប្រធានាធិបតីលោក ដូណាល់ ត្រាំបានឈ្នះ ១៦ សំឡេងក្នុងចំណោមសន្លឹកឆ្នោតទាំង ២១ ដែលបានបោះនៅជិតទីក្រុង Millsfield រដ្ឋ New Hampshire ដែលចូលរួមក្នុងការបោះឆ្នោត បឋមតាមបែបប្រពៃណី។

បើទោះជាយ៉ាងនេះក្ដី លទ្ធផលចុងក្រោយថាតើបេក្ខជនរូបណា ត្រូវទទួលតំណែងជាប្រធានាធិបតី នៃប្រទេសមហាអំណាច យើងនៅមិនទាន់ដឹងនៅឡើយទេ ៕

ដោយ ឈូក បូរ៉ា

To Top