ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការ បរទេសកូរ៉េខាងត្បូង នឹងធ្វើទស្សនកិច្ច សហរដ្ឋអាមេរិក ស្របពេលនៅមិនទាន់ មានលទ្ធផលបោះឆ្នោត ច្បាស់លាស់

បរទេស ៖ មន្ត្រីកូរ៉ខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង មានគម្រោងធ្វើទស្សនកិច្ច ទីក្រុងវ៉ាស៊ីនតោន នៅសប្ដាហ៍ក្រោយ ស្របពេលដែលទីក្រុងសេអ៊ូលប្តេជ្ញារក្សាសម្ពន្ធភាព ដ៏រឹងមាំជាមួយសហរដ្ឋអាមេរិក ដោយមិនគិតពីលទ្ធផលបោះឆ្នោត ជ្រើសប្រធានាធិបតី អាមេរិកនោះឡើយ។

រដ្ឋមន្ត្រីការបរទេសកូរ៉ខាងត្បូង លោកស្រី Kang Kyung-wha នឹងធ្វើដំណើរ ទៅដល់ទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដោយនឹងធ្វើការស្នាក់នៅទីនោះ អស់រយៈពេលចំនួន៤ថ្ងៃ ហើយការធ្វើដំណើរទស្សនកិច្ចនេះ គឺត្រូវបានធ្វើឡើង តាមការអញ្ជើញ របស់រដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo ដែលបានលុបចោលគម្រោង ដំណើរទស្សនកិច្ចទីក្រុងសេអ៊ូល របស់លោក កាលពីខែមុន ក្រោយលោក ដូណាល់ ត្រាំ តេស្តឃើញវិជ្ជមានជម្ងឺកូវីដ១៩ ។

រដ្ឋមន្ត្រីការបរទេស របស់ប្រទេសទាំងពីរ តាមសេចក្តីរាយការណ៍ នឹងប្រារព្ធធ្វើកិច្ចប្រជុំមួយ ជុំវិញបញ្ហាទ្វេភាគីនិងក្នុងតំបន់ ដែលរួមមានទាំងកិច្ចពិភាក្សាជាប់គាំង ដែលមានគោលបំណង លុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលកូរ៉េខាងជើង សម្រាប់ជាថ្នូរនឹងការបន្ធូរបន្ថយ ទណ្ឌកម្មអាមេរិក ៕ប្រែសម្រួល៖ប៉ាង កុង

To Top