Covid-19

បារាំង មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី លើសពី ៤០.០០០នាក់ ខណៈអ្នកស្លាប់កើនឡើងជាង ៣៨.០០០នាក់

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ថា ទិន្នន័យបង្ហាញដោយ ក្រុមអាជ្ញាធរសុខាភិបាល បានឲ្យដឹងថា ប្រទេសបារំាង បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៤០.៥៥៨នាក់ គិតត្រឹមថ្ងៃពុធ ដែលច្រើនជាងថ្ងៃមុន ដែលមានចំនួន ៣៦.៣៣០នាក់ ។

ការឆ្លងជំងឺថ្មីបាននាំឲ្យ ចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ១.៥៤៣.៣២១នាក់ ចាប់តាំងពីផ្ទុះជំងឺ ។

ពលរដ្ឋចំនួន ៣៨៥នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកើនឡើងដល់ ៣៨.៦៧៤នាក់ ។

យោងតាមតួលេខ ដែលបង្ហោះដោយ គេហទំព័រព័ត៌មានពីវីរុសកូរ៉ូណា របស់រដ្ឋាភិបាល បានឲ្យដឹងថា អ្នកជំងឺសម្រាកនៅមន្ទីរពេទ្យ បានហក់ឡើងពី ១.២៦៩នាក់ ដល់ជាង ២៧.០០០នាក់ ។

កាលពីសប្តាហ៍មុន លោក Emmanuel Macron ប្រធានាធិបតីបារាំង បានបញ្ជាឲ្យបិទប្រទេស ដែលមានប្រសិទ្ធិភាព ពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី១ ខែធ្នូ ។ គាត់បានរំពឹងថា នឹងអាចជួយកាត់បន្ថយ ចំនួនប្រចាំថ្ងៃនៃការឆ្លងជំងឺកូវីដ១៩ ដល់៥.០០០នាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top