បរទេស៖ប្រេសិតអាមេរិកប្រចាំនៅក្នុងទីក្រុងហ្សឺណែវ តាមសេចក្តីរាយការណ៍ បានជំរុញប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus នៅថ្ងៃសុក្រនេះ អញ្ជើញកោះតៃវ៉ាន់ឲ្យចូលរួមកិច្ចប្រជុំធំមួយ ដែលអង្គការរៀបចំនៅសប្ដាហ៍ក្រោយ ដោយត្រូវគេរំពឹងថា នឹងផ្តល់សំខាន់លើការរាតត្បាតជម្ងឺកូវីដ១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បេសកកម្មអាមេរិកបាននិយាយថា “យើងជំរុញអង្គការសុខភាពពិភពលោក ឲ្យពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ផ្តល់ឲ្យតៃវ៉ាន់នូវសហប្រតិបត្តិការនិងកិច្ចសហការគ្នាប្រកបដោយអត្ថន័យខ្លាំងឡើង ជាមួយអង្គការ ហើយការអញ្ជើញឲ្យចូលរួមនេះ នឹងជាជំហានដ៏ចាំបាច់មួយ ក្នុងទិសដៅនោះ”។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា ចំពោះអង្គការសុខភាពពិភពលោក និងលោក Tedros សម្រាប់ការគ្រប់គ្រងការរាតត្បាតឆ្លងជម្ងឺថ្មី ដោយនិយាយថា អង្គការនេះមានភាពជិតដិតហួសជាមួយប្រទេសចិន និងមានគម្រោងដកខ្លួនចេញពីអង្គការនេះផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង