វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបង្កើតឯតទគ្គកម្មពិភពលោកថ្មីមួយ ដោយហេតុថាករណីជំងឺកូវីដ -១៩ ដែលមានរយៈពេលតែមួយថ្ងៃបានកើនឡើងដល់ជាង ១១ម៉ឺននាក់កាលពីថ្ងៃព្រហស្បតិ៍។
សរុបចំនួន ១១៧.៩៨៨ ករណីថ្មី និងអ្នកស្លាប់ថ្មី ១.១៣៥ នាក់ត្រូវបានកត់ត្រានៅថ្ងៃព្រហស្បតិ៍នេះបើយោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃសុក្រ។
ចំនួនថ្មីបានបំបែកកំណត់ត្រាមុនចំនួន ១០៦.៥៣៧ ករណីក្នុងមួយថ្ងៃនៅថ្ងៃពុធ ។ ប្រទេសនេះបានបន្ថែមករណីចំនួនជាង ១០០.០០០ ករណីក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា ដែលជាព្រឹត្តិការណ៍ ដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាតនេះ។
ការកើនឡើងនេះ ត្រូវបានអ្នកជំនាញព្យាករណ៍ កាលពីប៉ុន្មានខែមុន។ នៅខែមិថុនា ដោយមានករណីប្រចាំថ្ងៃកើនឡើងដល់ ៤ម៉ឺនករណីលោក Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង បានព្រមានថា ប្រទេសនេះ នឹងត្រូវឆ្លងជំងឺ ១០ម៉ឺនករណី ជារៀងរាល់ថ្ងៃប្រសិនបើប្រទេសនេះ មិនខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ ៕
ដោយ ឈូក បូរ៉ា