បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទ បានធ្វើការអបអរសាទរ ចំពោះប្រធានាធិបតីជាប់ឆ្នោតថ្មី របស់អាមេរិក គឺលោក ចូ បៃដិន និងបានធ្វើការប្តេជ្ញាធ្វើការងារ ជាមួយរដ្ឋបាលអនាគត ដើម្បីធានាបានថា នឹងគ្មានភាពខុសប្លែកខ្វះចន្លោះ ក្នុងសម្ពន្ធភាពសេអ៊ូល-វ៉ាស៊ីនតោន ឬក៏ក្នុងដំណើរការសន្តិភាព លើឧបទ្វីបកូរ៉េ។
លោក មូន បានមានប្រសាសន៍ថា រដ្ឋបាលលោក បៃដិន នឹងផ្តល់ឲ្យឱកាសថ្មី ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវចំណងមិត្តភាពអន្តរកូរ៉េ ដែលនៅតែជាប់គាំងនៅឡើង ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានកាត់ផ្តាច់គ្រប់ការទំនាក់ទំនងគ្នាទាំងអស់ ជាមួយទីក្រុងសេអ៊ូល និងបំផ្លាញចោលការិយាល័យ រួមគ្នានៅក្នុងខែមិថុនា។
នៅក្នុងការថ្លែងជាសាធារណៈ ក្នុងអំឡុងកិច្ចប្រជុំ ជាមួយជំនួយការជាន់ខ្ពស់ នៅវិមានខៀវប្រធានាធិបតី លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “រួបរួមគ្នាជាមួយរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក រដ្ឋាភិបាលរបស់យើង នឹងពង្រឹងបន្ថែមទៀត នូវសម្ព័ន្ធភាព កូរ៉េខាងត្បូង-សហរដ្ឋអាមរិក ហើយនឹងបន្តអភិវឌ្ឍ ចំណងមិត្តភាពដ៏រឹងមាំ រវាងប្រជាជនរបស់ប្រទេសយើងទាំងពីរ”៕ ប្រែសម្រួល៖ប៉ាង កុង