ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ នាំយកអាវរងារ​ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត​ ជូនដល់កងកម្លាំងប្រដាប់អាវុធ​ ទិសយោធភូមិភាគទី៥

ភ្នំពេញ៖​ ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកា​កងទ័ពជើងគោក ចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុ ធទិសយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, ខេត្តបន្ទាយមានជ័យ​ នា​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ 

លោក​ហ៊ុន​ ម៉ាណែត​ បានពាំនាំការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងពីរ​  តែងគិតគូរអំពីសុខទុក្ខ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់​   នៅមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមគ្រួសារ ព្រមទាំងអតីតយោធិនរបស់យើង ហើយសម្តេចទាំងទេ្វរបានផ្តាំផ្ញើ និងជម្រុញដល់ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ឱ្យយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូន ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា។ 

លោក​បានកត់សម្គាល់ថា​ ក្នុងរយៈកាលមួយឆ្នាំកន្លង មកនេះ កងកម្លាំងទាំងអស់ប្រចំាទិសយោធភូមិភាគទី៥ បានចូលរួមក្នុងកិច្ចការអាទិភាពចាំបាច់ជាច្រើនដូចជា ការការពារនូវចលនាប៉ុនប៉ងបំផ្លិចបំផ្លាញសុខសន្តិភាព និងស្ថិរភាពសង្គមរបស់អ្នកនយោបាយជ្រុលនិយមមួយចំនួន, ការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់នូវជម្ងឺរាតត្បាតកូវីដ១៩តាមរយៈ ការល្បាត ត្រួតពិនិត្យ និងណែនាំដល់ពលរដ្ឋដែលធ្វើការឆ្លងដែន ចូលមកក្នុងប្រទេសឲ្យទទួលបាននូវការត្រួតពិនិត្យសុខភាព ទៅតាមទីកន្លែងដែលអាជ្ញាធរខេត្តនិងក្រសួងសុខាភិបាលបានរៀបចំ, ព្រមទាំងបានដើរតួរនាទីសំខាន់ ហើយនំាមុខ ក្នុងការប្រតិបត្តិការរហ័សដល់ការជួយប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះទឹកជំនន់កន្លងមកក្នុងខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ បន្ថែមលើកិច្ចការស្នូលរបស់ខ្លួនដែលជាការងារការពារបូរណភាពទឹកដី, ការចូលរួមជាប្រចំាក្នុងការការពារសុខសន្តិភាព ធានាបានស្ថិរភាព និងសន្តិសុខ តាមបណ្តោយព្រំដែន។

លោក​ បានស្នេីកងកម្លាំងទាំងអស់​ ចូលរួមអនុវត្តតាមការអំពាវនាវរបស់សម្តេចតេជោ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការបន្តកិច្ចការពារ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះជម្ងឺរាតត្បាតកូវីដ១៩  ដោយអនុវត្តទៅតាមវិធានសុខាភិបាលនានាជាប្រចាំ ដើម្បីបន្តធានាបាននូវសុវត្ថិភាពរបស់បុគ្គលខ្លួនឯងក៏ដូចជាក្រុមគ្រួសារ ព្រមទាំងអង្គភាពទាំងមូល។ សូមមេត្តាបន្តយកចិត្តទុកដាក់ក្នុងការចូលរួមជួយស្តារទ្បើងវិញ នូវហេដ្ឋាចរនាសម្ព័ន្ធ និងការត្រៀមខ្លួនជាស្រេចក្នុងការបង្ការ និងឆ្លើយតបគ្រោះមហន្តរាយនានា។

លោក​ បានលេីកឡេីងថា​ “សូមបន្តនូវស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព ព្រមទាំងប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងនានា ក្នុងការបំផ្លាញសន្តិភាព ដ៏ពេញលេញ ដែលរាមច្បងជំនាន់មុនបានកសាងយ៉ាងលំបាក ទម្រាំបានបន្សល់មកដល់យើងក្នុងពេលបច្ចុប្បន្ន ដូច្នេះយើងមានភារកិច្ចបន្តការកសាងសុខសន្តិភាពនេះតទៅមុខ ដើម្បីទុកជាកេរ្តិ៍ដំណែលឱ្យកូនចៅជំនាន់ក្រោយៗរបស់យើងទៀត ដោយឈរលើស្មារតីតបស្នងសងគុណ ដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល ដែលបានផ្តល់នូវឱកាស និងសេចក្តីទុកចិត្តដល់យើង។”

មិនតែប៉ុណ្ណោះ​ លោកឧត្តមសេនីយ៍​ ក៏សូមអរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់កម្រិតនៃរដ្ឋបាលខេត្ត, យោធភូមិភាគ, កងរាជអាវុធហត្ថ, កងនគរបាលជាតិ, ក៏ដូចជាកងម្លាំងរបស់យើងទាំងអស់ដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងទិសយោធភូមិភាគទី៥ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូន ក្នុងការអនុវត្តទាំងភារកិច្ចស្នូល និងភារកិច្ចចំពោះមុខ ដោយចុះជួយសង្រ្គោះប្រជាពលរដ្ឋរបស់យើងទាន់ពេលវេលា ក្នុងដំណាក់កាលដ៏លំបាកនៃគ្រោះមហន្តរាយ ដែលបណ្តាលមកពីជម្ងឺរាតត្បាតកូវីដ១៩ និងគ្រោះទឹកជំនន់នាពេលកន្លងមក។ សូមបងប្អូនទទួលបាននូវជោគជ័យ ក្នុងការបំពេញតួនាទីភារកិច្ច ជាកងកម្លាំងប្រដាប់អាវុធរបស់ជាតិ និងប្រជាជន នៅក្នុងការការពារសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី ជូនមាតុភូមិយើង៕

To Top