ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិក ឲ្យឈប់បង្កើនចំណងមិត្តភាព ជាមួយតៃវ៉ាន់

បរទេស៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានជំរុញសហរដ្ឋអាមេរិក ឲ្យឈប់បង្កើនចំណងមិត្តភាព ជាមួយកោះតៃវ៉ាន់ ក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ បានប្រកាសថា ពួកគេនឹងប្រារព្ធធ្វើកិច្ចពិភាក្សាសេដ្ឋកិច្ច នៅក្នុងខែនេះ ដែលរដ្ឋាភិបាលតៃវ៉ាន់ ពិពណ៌នាថា ជាព្រឹត្តិការណ៍ដ៏ធំក្នុងចំណងមិត្តភាព។

ថ្លែងទៅកាន់សន្និសីទកាសែតមួយ នៅក្នុងទីក្រុងប៉េកាំង មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វែប៊ីន បានមានប្រសាសន៍ថា ប្រទេសចិនមានការជំទាស់ប្រឆាំង ចំពោះការផ្លាស់ប្តូរមតិយោបល់គ្នា ជាផ្លូវការណាមួយ រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតៃប៉ិ។

គួរបញ្ជាក់ថា ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យថា ជាទឹកដីមួយផ្នែករបស់ខ្លួន គ្មានសិទ្ធិបង្កើតចំណងមិត្តភាព ផ្លូវការជាមួយប្រទេសដទៃនោះទេ ហើយចិនបានធ្វើការឃ្លាំមើល ជាមួយក្តីព្រួយបារម្ភ ដែលអាមេរិកបង្កើនការគាំទ្រចំពោះតៃវ៉ាន់ ដោយរួមបញ្ចូលទាំងការលក់អាវុធថ្មីៗ និងដំណើរទស្សនកិច្ចរបស់ មន្ត្រីជាន់ខ្ពស់អាមេរិកមកកាន់ទីក្រុងតៃប៉ិ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top