ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីស៊ីរី ៖ សម្ពាធនិងទណ្ឌកម្ម អាមេរិករារាំងការ វិលត្រឡប់របស់ជន ភៀសខ្លួន

បរទេស ៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ នៅថ្ងៃពុធនេះ បានរិះគន់ទណ្ឌកម្ម និងសម្ពាធសហរដ្ឋអាមេរិក លើអង្គការសហប្រជាជាតិនិងប្រទេសជិតខាងនានា រារាំងជនភៀសខ្លួនជាង ៥លាននាក់ ដែលរត់គេចខ្លួនពីជម្លោះក្នុងប្រទេស មិនឲ្យវិលត្រឡប់មកវិញ។

លើកឡើងពីរឿង ទណ្ឌកម្មអាមេរិក នៅក្នុងពិធីបើកសន្និសីទមួយក្នុងទីក្រុងដាម៉ាស់ រៀបចំរួមគ្នាជាមួយទីក្រុងមូស្គូ និងត្រូវធ្វើពហិការមិនចូលរួមដោយទីក្រុងវ៉ាស៊ីនតោន សហភាពអឺរ៉ុប និងភាគច្រើននៃប្រទេស ជិតខាងស៊ីរីនានា ដែលផ្តល់ទីស្នាក់នៅសម្រាប់ជនភៀសខ្លួន ស៊ីរីជាង៥លាននាក់នោះ លោក អាសាដ បានមានប្រសាសន៍ថា “មានឧបសគ្គរារាំងច្រើន”។
លោក អាសាដ បានបន្តថា ជនភៀសខ្លួន រាប់លាននាក់ កំពុងតែបង្ខំចិត្តស្នាក់នៅក្នុងប្រទេសនានា ដោយសារតែសម្ពាធ ឬគ៏ការសម្លុតគម្រាម និងថា ប្រទេសនានាដែលទទួល ជនភៀសខ្លួនឲ្យនៅ កំពុងតែល្បួង ពួកគេដោយហិរញ្ញវត្ថុ ទន្ទឹមនឹងការទទួលបានផល ប្រយោជន៍ពីជំនួយអន្តរជាតិ សម្រាប់ពួកគេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top