បរទេស ៖ ក្រសួងការបរទេស ទីក្រុងម៉ានីល នៅថ្ងៃពុធនេះបាននិយាយថា ប្រទេសហ្វីលីពីន បានផ្អាកធ្វើការសម្រេចចិត្ត លុបចោល កិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ច មានអាយុកាល២ទសវត្ស ជាមួយសហរដ្ឋអាមេរិក សម្រាប់ជាលើកទីពីរ ស្របពេល ដែលសម្ពន្ធមិត្តទាំងពីរ ធ្វើការងារលើកិច្ចព្រមព្រៀង ការពារគ្នាមានរយៈពេល វែងមួយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin បាននិយាយដូច្នេះថា “លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ បានបញ្ជាបន្ថែម៦ខែទៀត ធ្វើឲ្យយើងអាចស្វែងរកកិច្ចព្រមព្រៀង កាន់តែប្រសើរ ផ្តល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក គួរជាទីពេញចិត្ត និងមានប្រសិទ្ធភាពស្ថិតនៅកាន់តែយូរ ស្តីពីរបៀបធ្វើដំណើរឆ្ពោះទៅក្នុងកិច្ចការពារគ្នាទៅវិញទៅមករបស់យើង”។
លោក Locsin បានមានប្រសាសន៍បន្តថា “រយៈពេល៤ឆ្នាំកន្លងទៅបានផ្លាស់ប្តូរសមុទ្រចិនខាងត្បូង ពីភាពមិនច្បាស់លាស់មួយ ស្តីពីចេតនាមហាអំណាច ទៅកាន់ភាពមួយ ដែលអាចព្យាករណ៍បាន និងមានស្ថិរភាពជាលទ្ធផល ចំពោះអ្វីដែលអាចនិងមិនអាចធ្វើបាន”៕
ប្រែសម្រួល៖ប៉ាង កុង