ព័ត៌មានអន្តរជាតិ

អ្នកវិភាគ ៖ កូរ៉េខាងជើង មានអាវុធនុយក្លេអ៊ែ រហូតដល់៦០គ្រាប់

បរទេស ៖ យោងតាមក្រុមអ្នកវិភាគមួយ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿថា មានអាវុធនុយក្លេអ៊ែពី១៥ទៅ៦០គ្រាប់នៅក្នុងឃ្លាំងអាវុធ និងបន្តបង្កការគម្រាមកំហែងដ៏ធំ ចំពោះសហរដ្ឋអាមេរិក។

វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រជាតិ នៅសាកលវិទ្យាល័យការពារជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយក្នុងរបាយការណ៍ថ្មី បំផុតរបស់ខ្លួនថា របបរបស់លោក គីម ជុងអ៊ុន ដំណើរការជាសហគ្រាសឧក្រិដ្ឋកម្ម ច្រើនជាងសហគ្រាសរដ្ឋស្របច្បាប់ ហើយប្រហែលជាបានអភិវឌ្ឍផលិត គ្រាប់បែកនុយក្លេអ៊ែ ជាច្រើនដល់ទៅ៦០គ្រាប់។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍផលិតអាវុធ ប៉ុន្តែសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានប្រកាន់យកកិច្ចការការទូតជាអាទិភាព បើទោះជាទីក្រុងព្យុងយ៉ាង បដិសេធមិនជួបពិភាក្សាគ្នា ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែក៏ដោយ៕
ប្រែសម្រួល៖ប៉ាង កុង

To Top