ព័ត៌មានអន្តរជាតិ

កូឡុំប៊ី សង្ឃឹមរក្សា វិនិយោគអាមេរិក ក្រោមរដ្ឋបាលថ្មី

បរទេស ៖ លោកប្រធានាធិបតី Ivan Duque បាននិយាយថា ប្រទេសកូឡុំប៊ីសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមប្រធានាធិបតី ជាប់ឆ្នោតថ្មី លោក ចូ បៃដិន នឹងរក្សាកម្មវិធីវិនិយោគ ៥ពាន់លានដុល្លារ ដើម្បីជំរុញបង្កើន ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាធ្វើឲ្យប្រសើរឡើង នូវសន្តិសុខក្នុងតំបន់ ដែលរងការប៉ះពាល់ដោយសារ តែអំពើហិង្សាពាក់ព័ន្ធថ្នាំញៀន។

តាមសេចក្តីរាយការណ៍ លោក Ivan Duque បាននិយាយដូច្នេះថា “យើងនឹងរក្សាចំណងមិត្តភាព យុទ្ធសាស្ត្រទ្វេភាគី ព្រមជាមួយការតែងតែស្វះស្វែង ពង្រឹងវាដើម្បីផលប្រយោជន៍ របស់ប្រទេសទាំងពីរ” លោកបានបន្តទៀតថា ប្រទេសកូឡុំប៊ីតែងតែគាំទ្រដល់ក្រុមលទ្ធិប្រជាធិបតេយ្យនិងសាធារណរដ្ឋ នៅក្នុងរដ្ឋសភាអាមេរិក។

គួរបញ្ជាក់ថា ផែនការវិនិយោគ ដែលប្រកាសក្នុងខែសីហា ក្រោមរដ្ឋាភិបាលរបស់ប្រធានាធិបតី អាមេរិកបច្ចុប្បន្ន គឺលោក ដូណាល់ ត្រាំ សម្លឹងលើកកម្ពស់ឱកាសសេដ្ឋកិច្ចស្របច្បាប់ នៅក្នុងតំបន់ជនបទ ជាទីដែលក្រុមប្រដាប់អាវុធជំរុញឲ្យដាំដុះកូកា ដែលជាគ្រឿងផ្សំចម្បង ក្នុងសារធាតុកូកាអ៊ីន ដោយចូលរួមការវិនិយោគឯកជន ជំនួយបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធដែលប្រសើរឡើង ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top