ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ធ្វើការធានាអះអាង ចំពោះសម្ពន្ធមិត្តអាមេរិក ក្នុងកិច្ចសន្ទនាជាមួយមេដឹកនាំជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី

បរទេស៖ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ដំបូងជាមួយលោក ចូ បៃដិន ចាប់តាំងពីការបោះឆ្នោតអាមេរិកមក មេដឹកនាំរបស់ប្រទេសជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការបញ្ជាក់អះអាងជាថ្មី នូវផែនការបង្កើតចំណងមិត្តភាព ដ៏ជិតស្និទ្ធជាមួយប្រធានាធិបតីជាប់ាឆ្នោតថ្មី ដើម្បីដោះស្រាយបញ្ហានានា ដែលរួមមានទាំងបញ្ហាបម្រែបម្រួលអាកាសធាតុ និងសន្តិសុខក្នុងតំបន់។ 

ចំណែកការិយាល័យរបស់ លោកប្រធានាធិបតី ជាប់ឆ្នោតអាមេរិកថ្មី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា គ្រប់ភាគីទាំងអស់បានបង្ហាញនូវការប្តេជ្ញារបស់ខ្លួន ក្នុងការពង្រឹងចំណងមិត្តភាពទ្វេភាគី ក៏ដូចជាក្នុងការដោះស្រាយ បញ្ហាសកលលោកនានា មានដូចជាការរាតត្បាតឆ្លងនៃមេរោគកូរ៉ូណា និងបម្រែបម្រួលអាកាសធាតុជាដើម។ 

គួរបញ្ជាក់ថា សម្ពន្ធមិត្តប្រចាំតំបន់អាស៊ី ដ៏សំខាន់ទាំង៣នេះ គឺនាយករដ្ឋមន្ត្រីជប៉ុន លោក  Yoshihide Suga ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison ចូលរួមជាមួយមេដឹកនាំ ពិភពលោកផ្សេងទៀត ក្នុងការទទួលស្គាល់ចំពោះជ័យជំនះ ថ្ងៃទី០៣ខែវិច្ឆិកា របស់បេក្ខភាពមកពីបក្សលទ្ធិប្រជាធិបតេយ្យអាមេរិក លើប្រធានាធិបតីបច្ចុប្បន្ន គឺលោក ដូណាល់ ត្រាំ ដែលរហូតមកទល់ពេលនេះ នៅតែមិនបង្ហាញការពេញចិត្តចំពោះ លទ្ធផលឆ្នោតនៅឡើយ៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top