តូក្យូ៖ ប្រទេសជប៉ុន ទំនងជាប្រឈមមុខនឹងសម្ពាធកើនឡើង ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន ដែលជាអ្នកតស៊ូមតិដ៏ខ្លាំងក្លានៃសកម្មភាពពហុភាគីដើម្បីទប់ស្កាត់ ការឡើងកំដៅផែនដី នឹងចូលកាន់តំណែងនៅក្នុងខែមករា។
លោក បៃដិន បានប្តេជ្ញាថានឹងប្រើប្រាស់ គ្រប់មធ្យោបាយទាំងអស់នៃគោលនយោបាយ ការបរទេសរបស់អាមេរិក ដើម្បីជំរុញឱ្យពិភពលោកទាំងមូល បង្កើនមហិច្ឆតាអាកាសធាតុរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដែលជាសញ្ញាមួយ ដែលលោកអាចនឹងអំពាវនាវឱ្យមានការកាត់បន្ថយការបំភាយកាបូន ដោយប្រទេសចិនជប៉ុន និងប្រទេសដទៃទៀត ដែលមានការបំពុលដ៏ធំ។
នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ លើកដំបូងរបស់មេដឹកនាំទាំងពីរ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្រ្តីជប៉ុនលោក Yoshihide Suga និងលោក បៃដិន បានបញ្ជាក់ថា ប្រជាជាតិរបស់ប្រទេសទាំងពីត នឹងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅពិភពលោក។
លោកនាយករដ្ឋមន្រ្តីជប៉ុន បានសន្យារួចហើយថានឹងធ្វើឱ្យជប៉ុន គ្មានកាបូននៅឆ្នាំ២០៥០ ស្របពេលដែលលោក បៃដិន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការនាំសហរដ្ឋអាមេរិក ត្រលប់ទៅកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ កំពុងកាន់អំណាច បានដកខ្លួនចេញ៕
ដោយ ឈូក បូរ៉ា