ព័ត៌មានអន្តរជាតិ

បេក្ខភាពមកពីបក្សប្រឆាំង ឈ្នះការបោះឆ្នោតជ្រើស ប្រធានាធិបតី នៅម៉ុលដាវី

បរទេស៖ លទ្ធផលបឋមពី គណៈកម្មាធិការកណ្ដាល រៀបចំការបោះឆ្នោត បាននិយាយនៅថ្ងៃចន្ទនេះថា បេក្ខភាពមកពីបក្សប្រឆាំង លោកស្រី Maia Sandu បានឈ្នះការបោះឆ្នោត ជ្រើសប្រធានាធិបតី នៅក្នុងប្រទេសម៉ុលដាវី ដោយបានយកឈ្នះលើ ប្រធានាធិបតីគាំទ្រទីក្រុងមូស្គូបច្ចុប្បន្ន គឺលោក Igor Dodon។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ទិន្នន័យរបស់គណៈកម្មាធិការកណ្ដាលនោះ បានបង្ហាញថា លោកស្រី Sandu មានសម្លេងឆ្នោតគាំទ្រ ៥៧,៧៤ភាគរយ ហើយលោក Dodon មានចំនួន ៤២,២៦ភាគរយ ក្រោយសន្លឹងឆ្នោត ៩៩,៩៥ភាគរយ ត្រូវបានរាប់រួច។

លោក វ្លាឌីមៀរ សាបាន ជាអនុប្រធានគណៈកម្មាធិការ រៀបចំការបោះឆ្នោត បាននិយាយប្រាប់សន្និសីទកាសែតថា លទ្ធផលចុងក្រោយ នឹងត្រូវប្រកាសនៅក្នុងរយៈពេល ៥ថ្ងៃខាងមុខ។ យោងតាមច្បាប់របស់ប្រទេសម៉ុលដាវី តុលាការរដ្ឋធម្មនុញ្ញត្រូវតែ អនុម័តចំពោះលទ្ធផលនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top