បរទេស ៖ យ៉ាងហោចណាស់ មានជនស៊ីវិលចំនួន១០នាក់ និងបុគ្គលិកសន្តិសុខ៥នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាញ់គ្នា ឆ្លងព្រំដែន រវាងឥណ្ឌា និងប៉ាគីស្ថាន កាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយនេះជាការស្លាប់បាត់បង់ជីវិត មនុស្សដ៏ច្រើនបំផុតមួយ នៅតាមព្រំប្រទល់ ដែលខ័ណ្ឌចែកគូបដិបក្ខមាន អាវុធនុយក្លេអ៊ែទំាងពីរ។
មន្ត្រីឥណ្ឌាបាននិយាយថា នៅខាងរបស់ខ្លួន មានជនស៊ីវិល ចំនួន៦នាក់ ទាហាន៣នាក់ និងកងកម្លាំងការពារព្រំដែនម្នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកយោធាប៉ាគីស្ថាន បាននិយាយប្រាប់ថា នៅខាងប៉ាគីស្ថាន មានជនស៊ីវិល៤នាក់ និងទាហានម្នាក់ បានស្លាប់។
សូមជម្រាបថា ទាំងប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានអះអាងកម្មសិទ្ធិលើតំបន់កាស្មៀរទាំងមូល ហើយកងទ័ពរបស់ប្រទេសទាំងពីរ ជាប្រក្រតីតែងតែធ្វើការបាញ់គ្នា ឆ្លងព្រំដែនសម្បូរដោយភ្នំ ប៉ុន្តែការបាញ់ផ្លោង នៅថ្ងៃសុក្រម្សិលមិញនេះ គឺខ្លាំងជាធម្មតា៕
ប្រែសម្រួល៖ប៉ាង កុង