ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង កងកម្លាំងអាកាសអាមេរិក F-16 ហោះចេញពីអាល្លឺម៉ង់ ទៅកាន់សហភាពអារ៉ាប់រួម

បរទេស៖ ទីបញ្ជាការកណ្ដាល របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសឲ្យដឹង នៅថ្ងៃចន្ទសប្ដាហ៍នេះថា ក្រុមយន្តហោះចម្បាំង F-16 របស់កងទ័ពជើង អាកាសសហរដ្ឋអាមេរិក បានធ្វើដំណើរចាកចេញ ពីប្រទេសអាល្លឺម៉ង់ ទៅកាន់សហភាពអារ៉ាប់រួមហើយ។

តាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ទីបញ្ជាការកណ្ដាលអាមេរិកនោះ បាននិយាយប្រាប់ថា យន្តហោះរបស់កងយន្តហោះចម្បាំងលេខ៤៨០ និងកងយន្តហោះចម្បាំងលេខ៥២ ដែលដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាស Spangdahlem នោះ គឺបានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Al Dhafra សហភាពអារ៉ាប់រួម កាលពីសប្ដាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេបញ្ជាការកងទ័ពអាកាសលេខ៩ គឺលោកឧត្តមសេនីយ៍ Greg Guillot បាននិយាយថា “ការបញ្ជូនទៅនូវកងយន្តហោះ ចម្បាំងលេខ៤៨០នេះ បានបង្ហាញឲ្យឃើញនូវ ភាពរហ័សរហួនរបស់ កងទ័ពអាកាសអាមេរិក និងការប្តេជ្ញារបស់ទីបញ្ជាការ កណ្ដាលសហរដ្ឋអាមេរិក ចំពោះសម្ពន្ធមិត្តនិងដៃគូនានា ដើម្បីជំរុញបង្កើនសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top