បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយប្រាប់កាសែតបារាំង Le Figaro ថា រដ្ឋបាលសហរដ្ឋអាមេរិក និងអឺរ៉ុប ចាំបាច់ត្រូវតែធ្វើការងាររួមគ្នា លើការដោះស្រាយចំពោះសកម្មភាពនានា ដឹកនាំដោយប្រទេសតួកគី នៅក្នុងតំបន់មជ្ឈិមបូព៌ា អស់រយៈពេលជាងពីរបីខែកន្លងទៅនេះ។
ដោយលើកឡើងពីការ គាំទ្រថ្មីៗរបស់តួកគី ចំពោះអាហ្ស៊ែបៃហ្សង់ក្នុងជម្លោះនៅតំបន់ Nagorno-Karabakh ជាមួយអាមេនី ក៏ដូចជាការចល័តយោធាចូល ក្នុងប្រទេសលីប៊ី និងសមុទ្រមេឌីទែរ៉ានេនោះលោក Pompeo បាននិយាយដូច្នេះថា “ប្រធានាធិបតីបារាំង លោក Emmanuel Macron និងខ្ញុំយល់ស្របគ្នាថា ទង្វើថ្មីៗនេះរបស់ប្រទេសតួកគី គឺមានគឃ្លើនខ្លាំង”។
តាមសេចក្តីរាយការណ៍ពីកាសែត Us News នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ដោយពោលសំដៅដល់ប្រធានាធិបតីតួកគី លោក Tayyip Erdogan នោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានមានប្រសាសន៍ផងដែរថា “អឺរ៉ុបនិងសហរដ្ឋអាមេរិក ត្រូវតែធ្វើការងាររួមគ្នាដើម្បីជំរុញលោក Erdogan ឲ្យជឿថា ទង្វើបែបនេះ មិនស្ថិតក្នុងផលប្រយោជន៍ របស់ប្រជាជនលោកនោះទេ” ៕
ប្រែសម្រួល៖ ប៉ាង កុង