សេអ៊ូល៖ យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា ឧត្តមសេនីយកំពូលអាមេរិក ប្រចាំកូរ៉េខាងត្បូង នៅថ្ងៃអង្គារម្សិលមិញនេះ បានជួបជាមួយសមាជិកសភា កូរ៉េខាងត្បូងជាច្រើនរូប ក្នុងកំឡុងពេលដំណើរទស្សនកិច្ច ដ៏កម្ររបស់ពួកគេ ទៅកាន់ទីស្នាក់ការកណ្តាល នៃកងទ័ពសហរដ្ឋអាមេរិក។
យោងតាមយោធាអាមេរិក លោកឧត្តមសេនីយ៍ Robert Abrams បានមានកិច្ចពិភាក្សាតុមូល ជាមួយសមាជិកគណៈកម្មាធិការ ការពារសភា អំពីវិធីធ្វើឱ្យសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ។
សេចក្តីរាយការណ៍បានឲ្យដឹងថា លោក Abrams បានសង្កត់ធ្ងន់លើសារសំខាន់ នៃសម្ព័ន្ធភាព និងការថែរក្សាជំហរការពារជាតិរួមគ្នា ដើម្បីធានាសន្តិភាពសន្តិសុខ និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ៕
ដោយ ឈូក បូរ៉ា