បរទេស៖សមាជិករដ្ឋសភាថៃ នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានបោះឆ្នោតពាក់ព័ន្ធនឹងជម្រើសសម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដោយភាគច្រើនបានបង្ហាញនូវការជំទាស់ចំពោះសំណើទាមទាររបស់ក្រុមអ្នកតវ៉ា ដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរចំពោះតួនាទីនៃរបបរាជានិយម។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលថៃនាពេលថ្មីៗនេះបាននិយាយថា ខ្លួនបានត្រៀមលក្ខណៈជាស្រេច ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ប៉ុន្តែនឹងមិនឲ្យប៉ះពាល់ដល់របបរាជានិយមនោះឡើយ។
គួរបញ្ជាក់ថា ការបោះឆ្នោតនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីថ្ងៃមានអំពើហិង្សាខ្លាំងបំផុត គិតចាប់តាំងពីមានការតវ៉ាដឹកនាំដោយយុវជនក្នុងខែកក្កដាមក ដោយស្វះស្វែងឲ្យសរសេររដ្ឋធម្មនុញ្ញឡើងវិញ ដកតំណែងលោកនាយករដ្ឋមន្ត្រី ផ្រាយុទ្ធ ចាន់អ៊ូចា ដែលជាអតីតមេដឹកនាំយោធា និងឲ្យធ្វើកំណែទម្រង់របបរាជានិយមរបស់ព្រះមហាក្សត្រ មហាវជិរាលង្ករណ៕ ប្រែសម្រួល៖ប៉ាង កុង