សេអ៊ូល៖ ថវិកាជាង ៨០ ភាគរយនៃថវិកាចំនួន ១០០ ពាន់ពាន់លានវ៉ុន (៩០ ពាន់លានដុល្លារ) របស់កូរ៉េខាងត្បូង ដែលទុកសម្រាប់បង្កើនសមត្ថភាព ការពារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នឹងត្រូវចំណាយទៅលើការទិញអាវុធ និងគ្រឿងរឹងផលិតក្នុងស្រុក ជាជាងការនាំចូល ដើម្បីជួយជំរុញ ឧស្សាហកម្មការពារជាតិ នេះបើយោងតាមរដ្ឋមន្ត្រី ការពារជាតិលោក Suh Wook។
លោក Suh បានធ្វើការកត់សម្គាល់ នៅក្នុងសារអបអរសាទរ នៅឯពិព័រណ៍ការពារជាតិ DX កូរ៉េ ឆ្នាំ២០២០ ដែលធ្វើឡើងនៅ Goyang ដែលស្ថិតនៅភាគពាយ័ព្យនៃទីក្រុងសេអ៊ូល ដោយហៅឧស្សាហកម្មនេះថា ជាកម្លាំងជំរុញ សម្រាប់កំណើន សេដ្ឋកិច្ច និងជាមូលដ្ឋាន សម្រាប់ការពារជាតិរឹងមាំ។
នៅក្នុងខែសីហា រដ្ឋាភិបាលបានប្រកាសផែនការ ការពារជាតិសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥ ដើម្បីចំណាយថវិកា សរុបចំនួន ៣០០ ពាន់ពាន់លានវ៉ុន ដោយមួយភាគបីនៃថវិកាសរុប សម្រាប់ការបង្កើន សមត្ថភាពការពារជាតិ ហើយនៅសល់ត្រូវបានកំណត់ សម្រាប់ការគ្រប់គ្រងកម្លាំង៕
ដោយ ឈូក បូរ៉ា