Covid-19

វិភាគ: Covid-19 សម្លាប់មនុស្សទ្វេដង នៅសហរដ្ឋអាមេរិក ខណៈមេដឹកនាំរវល់ឈ្លោះគ្នា ដណ្តើមអំណាច

ប្រព័ន្ធផ្សព្វផ្សាយ Washington Post បានចុះផ្សាយថា កំណើនមនុស្សស្លាប់ប្រចាំថ្ងៃ និងកំណើនមនុស្សឆ្លងប្រចាំថ្ងៃនៃវីរុសCovid-19នៅសហរដ្ឋអាមេរិក បានកើនឡើងទ្វេដងក្នុងរយៈពេលជាង ៦សប្តាហ៍កន្លងមកនេះ គឺចាប់តាំងពីយុទ្ធនាការ ឃោសនារកសម្លេងឆ្នោត និងក្រោយការបោះឆ្នោតបានបញ្ចប់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

Worldometer បានចុះផ្សាយថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកានេះ ចំនួនមនុស្សស្លាប់ដោយសារវីរុស Covid-19 នៅសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ ១៩៥១នាក់ និងមនុស្សឆ្លងថ្មីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា បានកើនឡើងដល់ ២០១០៨៣នាក់ ។

លោក អាន់តូនី ហ្វសស៊ី (Anthony Fauci) អ្នកជំនាញផ្នែកជំងឺឆ្លង និងជាទីប្រឹក្សាផ្នែកសុខភាព នៅសេតវិមានសហរដ្ឋអាមេរិក បាននិយាយថា មូលហេតុដែលនាំអោយកំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុស Covid-19 ប្រចាំថ្ងៃកើនឡើងទ្វេដង គឺដោយសារមេដឹកនាំអាមេរិក មិនមានវិធានការទប់ស្កាត់ការ ឆ្លងរាលដាលវីរុសនេះទេនៅពេលបច្ចុប្បន្ននេះ ។

លោក អាន់តូនី ហ្វសស៊ី បានបន្ថែមថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិរបស់អាមេរិក មិនមានចំណាត់ការទប់ស្កាត់ ការឆ្លងរាលដាលវីរុសផ្លូវដង្ហើមួយនេះទេ ដោយសារតែលោកជិតផុតអាណត្តិទៅហើយ ហើយលោក ចូ បៃដិន ជាប្រធានាធិបតីជាប់ឆ្នោត ក៏មិនមានវិធានការអ្វីដែរដោយសារលោក ត្រាំ មិនប្រគល់អំណាចអោយ ។

បច្ចុប្បន្ននេះ ប្រជាពលរដ្ឋអាមេរិក ហាក់ដូចជាកំពុងរស់នៅតែ លក្នុងវិបត្តិសុខភាពមួយនេះ ដោយសារលោក ត្រាំ ក៏គ្មានវិធានការទប់ស្កាត់ ហើយលោក ចូ បៃដិន ក៏មិនអាចចាត់វិធានការទប់ស្កាត់ ការឆ្លងរាលដាលបាន ដោយសារលោក ត្រាំ នៅក្រាញអំណាច និងមិនព្រមផ្ទេរអំណាចអោយ ទៅប្រធានាធិបតីជាប់ឆ្នោតរូបនេះ ។

សូមបញ្ជាក់ជូនថា រហូតមកដល់ថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកានេះ លោក ដូណាល់ ត្រាំ នៅតែបន្តឡាំប៉ាតវ៉ា មិនព្រមទទួលស្គាល់លទ្ធផល ឆ្នោតនៅឡើយ និងមិនព្រមផ្ទេរអំណាចអោយទៅលោក ចូ បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោត ជាហេតុនាំអោយរាំងស្ទះ ដល់ការងាររដ្ឋបាលជាច្រើន ជាពិសេសគឺវិធានការទប់ស្កាត់ ការឆ្លងរាលដាលវីរុសCovid-19 ។

លោក ត្រាំ នៅតែបន្តចោទប្រកាន់ស្ថាប័ន បោះឆ្នោតពីបទលួចបន្លំសន្លឹកឆ្នោត ក្នុងគោលដៅអោយលោក ចូ បៃដិន កាន់តំណែងប្រធានាធិបតីអាមេរិក និងបានទាមទារអោយ រាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងរដ្ឋខ្លះ ប៉ុន្តែក្រោយពេលសន្លឹកត្រូវបានរាប់ឡើងវិញ គឺលទ្ធផលនៅតែបានទៅលោក ចូ បៃដិន ដដែល ។ រហូតមកដល់ពេលនេះ សន្លឹកឆ្នោតនៅទូទាំងសហរដ្ឋអាមេរិក ត្រូវបានរាប់រួចរាល់អស់ហើយ ដោយលោក ចូ បៃដិន ទទួលបានសម្លេងគាំទ្រគិតជា តំណាងអ្នកបោះឆ្នោតចំនួន ៣០៦នាក់ និងលោក ដូណាល់ ត្រាំ បានទទួលសម្លេងគាំទ្រចំនួន ២៣២តំណាងអ្នកបោះឆ្នោត ក្នុងចំណោមអង្គបោះឆ្នោតសរុបចំនួន ៥៣៨នាក់ នៅទូទាំងសហរដ្ឋអាមេរិក ។

កាលបរិច្ឆេទក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី របស់សហរដ្ឋអាមេរិករៀងរាល់អាណត្តិ ជាពិសេសការបោះឆ្នោត នៅឆ្នាំ២០២០នេះ គឺប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសរើស តំណាងអ្នកបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ហើយតំណាងអ្នកបោះឆ្នោត នឹងទៅបោះឆ្នោតជ្រើសប្រធានាធិបតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ និងប្រធានាធិបតីថ្មីនឹងស្បថ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២១ខាងមុខ ។

តាមច្បាប់អាមេរិក ប្រធានាធិបតីជិតផុតអាណត្តិ ឬប្រធានាធិបតិចាញ់ឆ្នោត ត្រូវផ្ទេរអំណាចអោយ ទៅប្រធានាធិបតីជាប់ឆ្នោតថ្មី ដូចជាលោក ដូណាល់ ត្រាំ ត្រូវផ្ទេរអំណាចទៅអោយលោក ចូ បៃដិន ដើម្បីរៀបចំគណៈរដ្ឋមន្ត្រីថ្មី និងរៀបចំផែនការថ្មីក្នុងនយោបាយជាតិ និងអន្តរជាតិ ទៅតាមគោលនយោបាយរបស់ខ្លួន ដែលបេក្ខជនប្រធានាធិបតីមកពីគណបក្សទាំងពីរ បានសន្យាជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត សម្រាប់ការដឹកនាំប្រទេសរបស់ខ្លួន ។

នៅពេលបច្ចុប្បន្ននេះ វិបត្តិនយោបាយនៅសហរដ្ឋអាមេរិក បានកើតឡើងដោយសារលោក ដូណាល់ ត្រាំ មិនព្រមប្រគល់អំណាចទៅអោយលោក ចូ បៃដិន ដើម្បីចាត់វិធានការបឋម លើបញ្ហាប្រឈមមួយចំនួន ដូចជាវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុស Covid-19 ឬការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ចជាដើម ។ ដើមចមនាំអោយកើតរឿង ដើមចមដែលនាំអោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណត្តិ និងលោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោត ឈ្លោះប្រកែកគ្នាដណ្តើមអំណាច គឺដោយសារលោក ត្រាំ មិនព្រមទទួលស្គាល់បរាជ័យ របស់ខ្លួនក្នុងការបោះឆ្នោត និងមិនព្រមផ្ទេរអំណាចទៅអោយលោក ចូ បៃដិន ក្នុងការចាត់ចែងផ្នែករដ្ឋបាល បន្តសម្រាប់អាណត្តិថ្មី ។

នៅពេលបច្ចុប្បន្ននេះ ភាពវឹកវរផ្នែកនយោបាយ ដែលនាំអោយមានវិបត្តិសុខភាព និងវិបត្តិអត់ការងារធ្វើនៅសហរដ្ឋអាមេរិក គឺបានកើនឡើងដោយសារលោក ត្រាំ មានអំណាចជាប្រធានាធិបតីជិតផុតអាណត្តិ ប៉ុន្តែលោកមិនមានចំណាត់ ការដោះស្រាយវិបត្តិនេះទេ ហើយលោក ចូ បៃដិន មានអំណាចជាប្រធានាធិបតីជាប់ឆ្នោតថ្មី ប៉ុន្តែមិនអាចមានចំណាត់ការដោះស្រាយវិបត្តិខាងលើបានទេ ដោយសារលោក ត្រា មិនព្រមផ្ទេរអំណាចអោយ ។

សរុបមក ប្រជាពលរដ្ឋរបស់សហរដ្ឋអាមេរិក ហាក់ដូចជាមិនមានមេដឹកនាំ គិតគូរដោះស្រាយលើបញ្ហាប្រឈម របស់ខ្លួននោះទេ ពីព្រោះមេដឹកនាំទាំងពីរ គឺលោក ត្រាំ និងលោក ចូ បៃដិន កំពុងឈ្លោះគ្នាដណ្តើមអំណាច ដោយលោក ត្រាំ នៅក្រាញអំណាចដោយសំអាង លើការលួចបន្លំសន្លឹកឆ្នោត និងលោក ចូ បៃដិន ចង់បានអំណាចពីលោក ត្រាំ ដោយសារសំអាងលើជោគជ័យ របស់ខ្លួនក្នុងការបោះឆ្នោត ៕

To Top