ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតឱសថ Pfizer ស្នើសុំប្រើបន្ទាន់នូវ វ៉ាក់សាំងការពារវីរុស កូវីដ១៩ នៅអាមេរិក

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនផលិតឱសថដ៏ធំ Pfizer Inc កាលពីថ្ងៃសុក្របានក្លាយជាក្រុមហ៊ុនដំបូងបង្អស់របស់សហរដ្ឋអាមេរិក ដែលបានដាក់ពាក្យសុំការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ សម្រាប់វ៉ាក់សាំងការពារជំងឺឆ្លងវីរុសនេះ។ នេះជាការកត់សម្គាល់នូវជំហានដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Pfizer បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ប្រសិនបើត្រូវបានអនុញ្ញាតិដោយនិយ័តករសហរដ្ឋអាមេរិក វ៉ាក់សាំងពីរដូស ដែលត្រូវបានអភិវឌ្ឍជាមួយដៃគូអាល្លឺម៉ង់ BioNTech SE អាចត្រូវបានប្រើសម្រាប់ប្រជាជនដែលមានហានិភ័យខ្ពស់នៅសហរដ្ឋអាមេរិកនៅចុងខែធ្នូ។

ក្រុមហ៊ុនអាមេរិកក៏កំពុងឆ្ពោះទៅរកការដាក់ពាក្យសុំនៅប្រទេសមួយចំនួនរួមមាន អូស្រ្តាលី ចក្រភពអង់គ្លេស កាណាដា និង ប្រទេស ជប៉ុន ផងដែរ។

ពួកគេរំពឹងថានឹងផលិតវ៉ាក់សាំងទូទាំងពិភពលោករហូតដល់ ៥០ លានដូសនៅឆ្នាំ ២០២០ និងរហូតដល់ ១,៣ ពាន់លានដូសនៅចុងឆ្នាំ ២០២១។ កុ្រមហ៊ុនឱសថនេះបន្ថែមទៀតថា ពួកគេនឹងត្រៀមចែកចាយវ៉ាក់សាំងនេះក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីទទួលបានការអនុញ្ញាត។

សូមជម្រាបថា រដ្ឋាភិបាលជប៉ុនមានកិច្ចព្រមព្រៀងទទួលការផ្គត់ផ្គង់វ៉ាក់សាំងចំនួន ១២០ លានដូស ដែលចំនួននេះ គឺវាគ្រប់គ្រាន់សម្រាប់ប្រជាជន ៦០ លាននាក់ឬប្រហែលពាក់កណ្តាលនៃប្រជាជនរបស់ខ្លួន (ជប៉ុន)៕

ប្រែសម្រួលៈ ណៃ តុលា

To Top