ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក ជួបជាមួយថ្នាក់ដឹកនាំ អាហ្វហ្គានីស្ថាន និងពួកតាលីបង់នៅកាតា

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានជួបគ្នាជាមួយមន្ត្រីចរចារបស់ប្រទេសអាហ្វហ្គានីស្ថាន និងពួកតាលីបង់ នៅក្នុងប្រទេសកាតា ដើម្បីធ្វើការងារចំពោះការជាប់គាំងមួយ នៅក្នុងដំណើរកិច្ចចរចាសន្តិភាព។ 

យោងតាមការចេញផ្សាយមួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ប្រទេសកាតា ក្នុងរយៈប៉ុន្មានម៉ោង បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ុកកែតនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន សម្លាប់មនុស្សចំនួន១១នាក់ និងរបួសជាច្រើននាក់ផ្សេងទៀត។ ពួកក្រុមរដ្ឋឥស្លាមជ្រុលនិយម បានចេញមុខអះអាងចំពោះការវាយប្រហារនោះ។ 

លោក Pompeo បាននិយាយប្រាប់មន្ត្រីចរចានានាថា សហរដ្ឋអាមេរិកនឹងអង្គុយនៅជាមួយ និងជួយក្នុងទីដែលអាមេរិកអាចជួយបាន ហើយក៏បានពិភាក្សាគ្នាអំពីវិធីកាត់បន្ថយអំពើហិង្សានៅក្នុងប្រទេស អាហ្វហ្គានីស្ថានផងដែរ នេះបើយោងតាមមន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top