បរទេស៖អង្គការសម្ពន្ធមិត្តណាតូ នៅពេលថ្មីៗនេះ បានធ្វើការប្រកាសថា ប្រទេសនៅអឺរ៉ុបចំនួន៥ ទើបបានព្រមព្រៀងគ្នាធ្វើកិច្ចសហការ លើការផលិតនូវឧទ្ធម្ភាគចក្រជំនាន់ថ្មី នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។
លិខិតបង្ហាញគោលបំណងសម្រាប់ សមត្ថភាពឧទ្ធម្ភាគចក្រជំនាន់ថ្មី ដែលរួមមានទាំងការផលិតឧទ្ធម្ភាគចក្រពហុតួនាទីខ្នាតកណ្ដាលផងនោះ ត្រូវបានចុះហត្ថលេខាដោយមន្ត្រីតំណាងមកពីប្រទេសបារាំង អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ និងក្រិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។
លិខិតនោះ តាមសេចក្តីរាយការណ៍ បានស្នើឲ្យមានសហប្រតិបត្តិការអន្តរជាតិ ធ្វើការផលិតឧទ្ធម្ភាគចក្រ ដើម្បីយកមកប្រើជំនួសឧទ្ធម្ភាគចក្រ ដែលប្រទេសសមាជិកណាតូប្រើប្រាស់បច្ចុប្បន្ន ដោយភាគច្រើននឹងត្រូវផុតអាយុប្រើប្រាស់ នៅចន្លោះឆ្នាំ២០៣៥និងឆ្នាំ២០៤០៕ប្រែសម្រួល៖ប៉ាង កុង