ព័ត៌មានអន្តរជាតិ

មុនចាកចេញពី តំណែង លោក ត្រាំ ឆ្លៀតដកអាមេរិក ចេញ ពីសន្ធិសញ្ញាត្រួតពិនិត្យ អាវុធឆ្នាំ១៩៩២

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានដកខ្លួនចេញពីសន្ធិសញ្ញាត្រួតពិនិត្យ អាវុធឆ្នាំ ១៩៩២ ដែលអនុញ្ញាតឱ្យមានជើងហោះហើរឃ្លាំមើលគ្មាន អាវុធលើទឹកដីនៃប្រទេសជាសមាជិក ដើម្បីកសាងទំនុកចិត្ត និងលើកកម្ពស់តម្លាភាពនៃសកម្មភាពយោធា។

ការចាកចេញរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា Open Skies បានធ្វើឡើងបន្ទាប់ពីមានការជូនដំណឹងដល់សមាជិកនានា ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំកាលពី ៦ ខែមុន ដោយលើកឡើងពីការចោទប្រកាន់ថា បានរំលោភកិច្ចព្រមព្រៀងនេះ។

វាជាការដកសន្ធិសញ្ញាចុងក្រោយបង្អស់ ដោយរដ្ឋបាលលោក ត្រាំ ដែលជិតឈានដល់ទីបញ្ចប់ហើយបន្ទាប់ពីប្រធានាធិបតីបានចាញ់បោះឆ្នោតឡើងវិញ កាលពីដើមខែនេះ។

នៅក្នុងនោះដែរ រដ្ឋបាលលោក ត្រាំ ក៏បានដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ឆ្នាំ១៩៨៧ ជាមួយរុស្ស៊ីកាលពីខែសីហា ឆ្នាំមុនផងដែរ។

ទីប្រឹក្សាសន្តិសុខជាតិលោក Robert O’Brien បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Twitter ថាប្រធានាធិបតី “មិនដែលឈប់ដាក់អាមេរិក ជាមុនដោយដកយើងចេញពីសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលហួសសម័យដែលបានផ្តល់ផលប្រយោជន៍ដល់សត្រូវរបស់យើង នៅក្នុងការចំណាយនៃសន្តិសុខជាតិរបស់យើងនោះទេ”៕ដោយ ឈូក បូរ៉ា

To Top