ព័ត៌មានអន្តរជាតិ

វិភាគ: អាស៊ី-ប៉ាស៊ីហ្វិក ជាចំណុចកណ្តាល នៃជម្លោះដណ្តើម ឥទ្ធិពលរវាង ចិននិងអាមេរិក

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ Aljazeera បានចុះផ្សាយថា បណ្តាប្រទេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានបង្ហាញនូវក្តីបារម្ភ យ៉ាងខ្លាំងចំពោះជម្លោះ រវាងចិននិងសហរដ្ឋអាមេរិក ទាំងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ ជាពិសេស សហរដ្ឋអាមេរិក ក្រោមការដឹកនាំ រយៈពេល៤ឆ្នាំកន្លងមកនេះ របស់លោកប្រធានាធិបតី ជិតផុតអាណត្តិ ដូណាល់ ត្រាំ ។

តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាចំណុចកណ្តាល នៃជម្លោះដណ្តើមឥទ្ធិពល របស់ប្រទេសមហាអំណាច ទាំងពីរ ដែលនាំអោយមានការលំបាក បំផុតក្នុងការសម្រេចចិត្ត នៃមេដឹកនាំ របស់បណ្តាប្រទេសក្នុងតំបន់ ដូចជានិន្នាការ នយោបាយជាដើម ដោយសារខ្លាចប្រទេសចិន ឬសហរដ្ឋអាមេរិក អាក់អន់ចិត្ត ក្នុងនយោបាយរបស់ខ្លួន ។

លោក ធើរី ស៊ូលីវ៉ាន (Terry Sullivan) សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រ នយោបាយ របស់សហរដ្ឋអាមេរិក បាននិយាយថា មេដឹកនាំរបស់ប្រទេស នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានការលំបាកខ្លាំងណាស់ ក្នុងសម្រេចចិត្ត ថាតើត្រូវទោរទន់ ទៅរកសហរដ្ឋអាមេរិក ឬទោរទន់ទៅខាងប្រទេសចិន លើគោលនយោបាយ ឬសេដ្ឋកិច្ចរបស់ខ្លួន ។

លោក ធើរី ស៊ូលីវ៉ាន បានបន្ថែមថា សហរដ្ឋអាមរិក ជាមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក ប៉ុន្តែចិនក៏ជាមហាអំណាច លេខ២ នៅលើពិភពលោកដែរ និងជាមហាអំណាចលេខ១ ក្នុងតំបន់ ហើយប្រទេសក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ភាគច្រើន ពឹងផ្អែកផ្នែកពាណិជ្ជកម្ម ជាមួយប្រទេសចិន ដែលមិនអាចកាត់ផ្តាច់បាន ។

រយៈពេល៤ឆ្នាំ ក្នុងអាណត្តិជាប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហររឹងមាំ និងប្រឆាំងស្ទើរគ្រប់វិស័យ ជាមួយប្រទេសចិន ទាំងផ្នែកពាណិជ្ជកម្ម បច្ចេកវិទ្យា និងឥទ្ធិពលក្នុងតំបន់ ជាពិសេស គឺជម្លោះនៅសមុទ្រចិនខាងត្បូង ដែលចិនបាន វ៉ាងទី យកដែនទឹកស្ទើរទាំងស្រុង ហើយអាមេរិក និងសម្ព័ន្ធមិត្តបានប្រឆាំងជំទាស់ និងចាត់ទុកជាដែនទឹកអន្តរជាតិ ដែលប្រទេសណា ក៏អាចធ្វើនាវាចរណ៍បាន ។

ការប្រឈមដាក់គ្នារវាង ចិននិងអាមេរិក អស់រយៈពេល៤ឆ្នាំកន្លងមកនេះ មិនអាចដោះស្រាយ អ្វីបានឡើយ ក្រៅតែពីធ្វើឲ្យប្រទេសតូចតាចក្នុងតំបន់ ត្រូវបង្ខំចិត្តមើលមុខគ្នាមិនត្រង់ ដោយសារតែការចែកបក្ស ប្រកាន់ជំហរកាន់ជើងម្ខាងៗ ទៅតាមទំនាក់ទំនង របស់ខ្លួនជាមួយចិន ឬសហរដ្ឋអាមេរិក ។

ប្រទេសនៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ខ្លះ ដូចជាកូរ៉េខាងត្បូង និងជប៉ុនជាដើម បើទោះបីជាផ្លូវការ មិនពេញចិត្តរបបដឹកនាំ កុម្មុយនីស្តចិនក្តី តែប្រទេសសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិកទាំងពីរនេះ មិនអាចកាត់ផ្តាច់ខ្លួន ចេញពីចិនបាន និងគ្មានហេតុផលណាមួយ ដែលត្រូវបែរខ្នង ដាក់ចិនទាំងស្រុងឡើយ ទាំងផ្នែកពាណិជ្ជកម្ម និងនយោបាយ ។

ភាពតានតឹងរវាង ចិននឹងអាមេរិក អាចជះផលមិនល្អ សម្រាប់សេដ្ឋកិច្ចគេទាំង២ ប៉ុន្តែទន្ទឹមនឹងនេះ ជប៉ុន និងកូរ៉េខាងត្បូង ក៏ត្រូវការចង់ឲ្យសហរដ្ឋអាមេរិក វិលត្រលប់មករកភាពចាស់ទុំឡើងវិញ ដោយពិចារណារឲ្យបានវែងឆ្ងាយ ពីយុទ្ធសាស្ត្រសន្តិសុខរួម ជាជាងគិតតែពីយកលុយដាក់មុខ ដូចក្នុងជំនាន់លោកដូណាល់ ត្រាំ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយ មានជម្លោះកាន់តែតឹងតែង រវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក គឺដោយសារលោក ដូណាល់ ត្រាំ ជាប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ ដែលមានជំហរតឹងតែង និងអភិរក្សនិយម ដោយចូលចិត្ត យកអំណាចទៅគ្របសង្កត់ លើប្រទេសតូចតាច និងគិតប្រយោជន៍ អាមេរិកជាអាទិភាព ។

សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ ក្តីសង្ឃឹមរបស់បណ្តាប្រទេស នៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ដែលអាចនឹងធូរស្រាល សម្ពាធទាំងខាងភាគីចិន និងភាគីអាមេរិក គឺពឹងផ្អែកទៅលើជំហរ របស់ប្រធានាធិបតី របស់សហរដ្ឋអាមេរិក ដែលលោក ចូ បៃដិន មកពីគណបក្សប្រជាធិបតេយ្យ នឹងកាន់តំណែង ជាប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២១ខាងមុខ ។

ទោះបីជាបែបនេះក៏ដោយ ក៏អាស៊ី-ប៉ាស៊ីហ្វិក នៅតែមានចម្ងល់ថា ក្រោយការជាប់ឆ្នោត របស់លោក ចូ បៃដិន តើនយោបាយការបរទេស របស់សហរដ្ឋអាមេរិក នៅតំបន់នេះ នឹង ប្រែប្រួលយ៉ាងណាខ្លះ ? តើលោក ចូ បៃដិន នឹងដើរតាមគន្លង របស់លោក ដូណាល់ ត្រាំ ឬមានការផ្លាស់ប្តូរបែបណា ?

ក្រោមការដឹកនាំ របស់លោក ដូណាល់ ត្រាំ សហរដ្ឋអាមេរិក បានចាត់ទុកចិនជាសត្រូវ និងជាប្រទេសគ្រោះថ្នាក់បំផុត សម្រាប់សហរដ្ឋអាមេរិក ទាំងសំណុំរឿងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យបច្ចេកវិទ្យាទំនើប និងនយោបាយការបរទេស ។
ការកំញើញ ការស្តីបន្ទោសគ្នា ដោយចំហរ និងការឆ្លងឆ្លើយសង្គ្រាម ពាក្យរវាងថ្នាក់ដឹកនាំ រដ្ឋាភិបាល សហរដ្ឋអាមេរិកនិងចិន បានធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ស្ថិតក្នុងស្ថានភាពមួយពិបាក និងទើសទ័លជាទីបំផុត ដោយម្ខាងត្រូវការចំណង ពាណិជ្ជកម្មជាមួយចិន និងម្ខាងទៀតមិនចង់ ធ្វើឲ្យអាមេរិក អាក់អន់ចិត្ត ។

លោក ចូ បៃដិន ត្រូវគេមើលឃើញ ជាទូទៅថាខុសគ្នាស្រលះ ពីលោកដូណាល់ត្រាំ ដែលលោក ចូ បៃដិន ទំនងជាមនុស្សមានការអត់ឱន មានក្តីសណ្តោស និងចេះស្តាប់យោបល់ មនុស្សជុំវិញខ្លួន ខុសពីលោក ដូណាល់ ត្រាំ ដែលសម្រេចចិត្ត បាតដៃខ្នងដៃ តាមតែអារម្មណ៍ នឹងឃើញរបស់លោកផ្ទាល់ ។

មេដឹកនាំរបស់បណ្តាប្រទេស នៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក សង្ឃឹមថា រដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំដោយ លោក ចូ បៃដិន ប្រហែលជាមិនរករឿងឈ្លោះប្រកែក ដៀមដាម ស្តីបន្ទោស ប្រទេសផ្សេងៗទៀត មានប្រទេសចិន ជាដើមដូច លោក ដូណាល់ ត្រាំ បានធ្វើក្នុងរយៈពេល៤ឆ្នាំកន្លង មកឡើយ ៕
ដោយ៖ អ៊ី ជិន

To Top