បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃច័ន្ទ ដោយដកស្រង់សេចក្តីព្រាងច្បាប់ចម្លងនៃបញ្ជីថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងវាយលុកទៅលើក្រុមហ៊ុនអវកាសចិនចំនួន ៨៩ និងក្រុមហ៊ុនដទៃទៀត ដែលមានវិធានការនៃការជាប់ទាក់ទងនឹងយោធាចិន ដោយរារាំងក្រុមហ៊ុនទាំងនោះមិនឱ្យចូលប្រើបច្ចេកវិទ្យាអាមេរិក។
ក្រុមហ៊ុនជាច្រើន មានដូចជាក្រុមហ៊ុន Commercial Aircraft Corp of China Ltd (COMAC) សាជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) និងអង្គភាពចំនួន ១០ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន ត្រូវបានបញ្ចូលក្នុងបញ្ជីឈ្មោះក្រុមហ៊ុនចិននិងរុស្ស៊ីជា “ អ្នកប្រើប្រាស់ចុងក្រោយផ្នែកយោធា” ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយទៀតថា អង្គភាពរុស្ស៊ីចំនួន ២៨ បន្ថែមទៀតរួមទាំងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុន Irkut ដែលរចនាយន្តហោះ MC-21 ក៏ត្រូវបានគេកំណត់គោលដៅផងដែរ ហើយអង្គភាពពាក់ព័ន្ធត្រូវតែដាក់ពាក្យសុំអាជ្ញាប័ណ្ណដើម្បីទិញនិងលក់ជាមួយក្រុមហ៊ុនអាមេរិក ប៉ុន្តែត្រូវបានគេរំពឹងថា សំណើនឹងត្រូវបានបដិសេធ។
បញ្ជីនៃអង្គភាពដែលត្រូវបានរារាំងពីការវិនិយោគរបស់សហរដ្ឋអាមេរិករួមមានសេវាកម្មប្រដាប់អាវុធ និងប៉ូលីសជាតិ ហើយត្រូវបានពង្រីកនៅក្នុងខែមេសាដល់អ្នកគាំទ្រនិងអ្នកចូលរួមចំណែកក្នុងការថែរក្សានិងផលិតរបស់របរយោធា៕ប្រែសម្រួលៈ ណៃ តុលា