ព័ត៌មានអន្តរជាតិ

ទំនាក់ទំនងកូរ៉េខាងត្បូង-អាមេរិក នៅតែរឹងមាំ មិនថាអ្នកណា ជាប្រធានាធិបតីអាមេរិកនោះទេ

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Robert O’Brien បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា ទំនាក់ទំនងដ៏យូរអង្វែង រវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងនៅតែរឹងមាំ “បើទោះអ្នកណា” ក៏ដោយដែលត្រូវបានសម្ពោធ ជាប្រធានាធិបតី នៅខែមករាខាងមុខ។

នៅក្នុងសុន្ទរកថាតាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មានក្នុងដំណើរបំពេញ ទស្សនកិច្ចនៅទីក្រុងម៉ានីលលោក Robert O’Brien ក៏បានបង្ហាញក្តីសង្ឃឹមថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីបំផុតនឹងបំពេញ តាមការប្តេជ្ញាចិត្តក្នុងការរំសាយអាវុធ នុយក្លេអ៊ែររបស់លោក ចំពេលមានការព្រួយបារម្ភថា ក្រុងព្យុងយ៉ាង អាចនឹងបង្កហេតុ ដើម្បីសាកល្បងរដ្ឋបាលលោក ចូបៃដិន ។

លោក O’Brien បានបញ្ជាក់ថា“ អ្វីក៏ដោយដែលនឹងកើតឡើងនៅថ្ងៃទី២០ ខែមករា អ្នកណាក៏ដោយដែលជាប្រធានាធិបតី គឺខ្ញុំជឿជាក់ថាទំនាក់ទំនង ដែលបានស៊ូទ្រាំអស់រយៈពេល ៧០ ឆ្នាំនឹងបន្តស៊ូទ្រាំហើយនឹងក្លាយជាដៃគូដ៏រឹងមាំមួយ” ។

ទីប្រឹក្សាសន្តិសុខរូបនេះក៏បានឲ្យដឹងផងដែរថា ទីក្រុងវ៉ាស៊ីនតោន មានការពេញចិត្តជាខ្លាំងនៅពេលដែលកូរ៉េខាងជើង មិនបានធ្វើការសាកល្បងមីស៊ីលផ្លោង ឬនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយ ចាប់តាំងពីប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ និងលោកគីម បានធ្វើកិច្ចប្រជុំកំពូលនៅឆ្នាំ២០១៨៕

ដោយ ឈូក បូរ៉ា

To Top