ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ សហព័ន្ធអាមេរិក បើកភ្លើងខៀវ ជុំវិញការផ្លាស់ប្តូរ អំណាចប្រធានាធិបតី របស់លោក ចូ បៃដិន

វ៉ាស៊ីនតោន៖ រដ្ឋបាលសេវាទូទៅ សហរដ្ឋអាមេរិក ហៅកាត់ថា (GSA) កាលពីថ្ងៃច័ន្ទបានប្រាប់លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោត អាមេរិកថា ខ្លួនបានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីចាប់ផ្តើមដំណើរការផ្លាស់ប្តូរ អំណាចប្រធានាធិបតី ជាផ្លូវការសម្រាប់លោក។

លោកស្រី Emily Murphy រដ្ឋបាល GSA បានប្រាប់លោក បៃដិន នៅក្នុងលិខិតមួយថា លោកស្រីបានត្រៀមដើម្បីធ្វើឱ្យមាន “ធនធាន និងសេវាកម្មក្រោយការបោះឆ្នោត” សម្រាប់ការផ្លាស់ប្តូរ របស់លោក បៃដិន ទៅសេតវិមានដោយសង្កត់ធ្ងន់ថា ទោះបីជា “មានការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហា ប្រឈមផ្នែកច្បាប់ និងការបញ្ជាក់លទ្ធផលនៃការបោះឆ្នោត” ក៏ដោយ ការសម្រេចចិត្តរបស់លោកស្រី “ដោយឯករាជ្យផ្អែកលើច្បាប់ និងអង្គហេតុដែលមាន” ។

ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានឲ្យដឹងនៅថ្ងៃដដែលនោះថា លោកកំពុងណែនាំឱ្យ GSA“ ធ្វើអ្វីដែលចាំបាច់ត្រូវធ្វើទាក់ទង នឹងពិធីសារដំបូង” ហើយថាលោកបានដឹក នាំក្រុមរបស់លោក ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូររបស់លោក បៃដិន ទោះបីជាលោកនៅតែមិនទទួល ស្គាល់ការបរាជ័យក៏ដោយ។

លោក ត្រាំ បានលើកឡើងដោយសំដៅទៅលើសកម្មភាពច្បាប់ ជាបន្តបន្ទាប់ ដែលយុទ្ធនាការរបស់លោក បានចាប់ផ្តើមនៅ ក្នុងរដ្ឋជាច្រើន ដែលមានគោលបំណង ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតថា “ករណីរបស់យើង នៅតែបន្តយើងនឹងបន្តការប្រយុទ្ធដ៏ល្អ ហើយខ្ញុំជឿជាក់ថា យើងនឹងឈ្នះបាន!”៕

ដោយ ឈូក បូរ៉ា

To Top