បរទេស៖ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយនៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់មានទំនាក់ទំនងល្អជាមួយ ក្រុមរបស់ប្រធានាធិបតិជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ស្របពេលខ្លួនស្វះស្វែងរការពង្រឹង ចំណងមិត្តភាពជាមួយរដ្ឋបាល អនាគតរបស់អាមេរិក ក្រោយទទួលបានការគាំទ្រខ្លាំងក្លា ពីរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
មន្ត្រីនាំពាក្យក្រសួងការបរទេសរបស់តៃវ៉ាន់ លោកស្រី Joanne Ou បាននិយាយដូច្នេះថា “ក្រសួងការបរទេសនិងការិយាល័យផ្លូវការរបស់យើង នៅសហរដ្ឋអាមេរិក បានបន្តរក្សាការប្រាស្រ័យទាក់ទងដ៏រលូន និងទំនាក់ទំនងល្អ ជាមួយក្រុមរបស់លោក បៃដិន តាមមធ្យោបាយសមស្របផ្សេងៗ”។
គួរបញ្ជាក់ថា បើទោះជាត្រូវចិនអះអាងថាជាទឹកដីកម្មសិទ្ធិរបស់ខ្លួនក៏ដោយ ក៏តៃវ៉ាន់ដែលកាន់លទ្ធិប្រជាធិបតេយ្យ បានទទួលរីករាយចំពោះការគាំទ្រមិនធ្លាប់មានពីមុន ពីរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយរួមបញ្ចូលទាំងការបង្កើនការលក់អាវុធឲ្យ និងដំណើរទស្សនកិច្ចនានាធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់អាមេរិកមកកាន់ទីក្រុងតៃប៉ិ៕