ព័ត៌មានអន្តរជាតិ

ណាតូនិងសហភាពអឺរ៉ុប អញ្ជើញលោក បៃដិន ឲ្យកសាងឡើងវិញ នូវចំណងមិត្តភាពអាត្លង់ទិក

បរទេស៖ប្រមុខអង្គការណាតូនិងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប នៅពេលថ្មីៗនេះ បានអញ្ជើញលោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃដិន ធ្វើការកសាងចំណងមិត្តភាពអាត្លង់ទិកឡើងវិញ និងជួបជាមួយសម្ពន្ធមិត្តអឺរ៉ុបរបស់ទីក្រុងវ៉ាស៊ីនតោននានា នៅក្នុងឆ្នាំក្រោយ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក បៃដិន បានសម្តែងការអបអរចំពោះរូបលោក ចំពោះការឈ្នះឆ្នោត និងបានអញ្ជើញលោកឲ្យធ្វើទស្សនកិច្ចទីស្នាក់ការកណ្ដាលរបស់សម្ពន្ធមិត្តយោធា នៅក្នុងទីក្រុងព្រួចសែល។

លោក Stoltenberg បានថ្លែងអំណរគុណលោក បៃដិន សម្រាប់ភាពជាអ្នកគាំទ្រជាយូរអង្វែងរបស់ណាតូ និងចំណងមិត្តភាពអាត្លង់ទិក នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីអង្គការសម្ពន្ធមិត្តយោធា ស្របពេលដែលលោក Michel បានស្នើឲ្យកសាងនូវចំណងមិត្តភាពអាត្លង់ទិកដ៏រឹងមាំឡើងវិញ៕ប្រែសម្រួល៖ប៉ាង កុង

To Top